ពាក់ផ្កាយ ចាយសែកគ្មានសាច់ប្រាក់ ត្រូវព្រះរាជអាជ្ញាបញ្ជាឲ្យចូលខ្លួន

លោក​ឧត្តមសេនីយ៍ត្រី សៅ ប៊ុ​ន​ហ៊ួ​រ ត្រូវ​បាន​ព្រះរាជអាជ្ញា​ចេញ​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ដើម្បី​សាកសួរ​ពី​បទ​«​ឆបោក និង មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​(​សែក​គ្មាន​សាច់ប្រាក់​) » ។​

​បើ​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​ ចេញ​ដោយ​លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃ​ទី​០៣ វិច្ឆិកា ២០២០ និង​ដែល​ត្រូវ​បាន​គេ​ទើប​ចែកចាយ​បន្ត​គ្នា​នៅ​ថ្ងៃ​ទី​២០ វិច្ឆិកា​នេះ បាន​បញ្ជាក់​បន្ថែម​ថា លោក សៅ ប៊ុ​ន​ហ៊ួ​រ អាយុ​៤៩​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ ៣៧៩ បេ ផ្លូវ​លេខ​២៧ ភូមិ​ប្ញ​ស្សី​១ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ត្រូវ​ចូលខ្លួន​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​រៀង​រាល់​ម៉ោង​ធ្វើការ ឲ្យ​បាន​មុន​ថ្ងៃ​ទី​២៣ វិច្ឆិកា ២០២០ ។​

​យ៉ាងណា គេ​មិនដឹង​ថា​តើ​លោក​ផ្កាយ​១ សៅ ប៊ុ​ន​ហួរ មាន​ពាក់​ព័​ន្ឋ​នឹង​ការ​រកស៊ី​ទិញ​លក់​អ្វី​នោះ​ទេ ហើយក៍​មិនដឹង​ថា​ឆបោក​រឿង​អ្វី​ដែរ គ្រាន់តែ​តាម​ដីកា​របស់​លោក ច្រឹង ខ្មៅ គឺ​លោក សៅ ប៊ុ​ន​ហ៊ួ​រ ដែ​ល​គេ​មិន​បង្ហាញ​អំពី​មុខ​តំណែង​និង​អង្គភាព​នោះ ទទួល​រង​ការ​ប្តឹង​ពី​ឈ្មោះ ឌី ក្តឹប តែ​ប៉ុណ្ណោះ​  ។​

ក្រុម​អ្នក​ច្បាប់​បាន​បញ្ជាក់​ដែរ​ថា បើ​តាម​ដីកា​ខាងលើ ប្រសិនបើ​លោក សៅ ប៊ុ​ន​ហួរ មិន​ចូលខ្លួន​ឲ្យ​បាន​មុន​ថ្ងៃ​ទី​២៣ វិច្ឆិកាតាម​កាលកំណត់ លោក​នឹង​ត្រូវ​តំណាង​អយ្យការ​ចេញ​ដីកា​មួយទៀត​គឺ​ដីកានាំខ្លួន ឬ ចាប់ខ្លួន ៕