សត្វគ្រួចធ្វើហើយវេចខ្ចប់ដាក់ចំនួន៥០កេស មានទម្ងន់សរុប១តោនកន្លះ ត្រូវបានមន្ត្រីទទួលការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វក្រសួងកសិកម្ម ធ្វើការបង្ក្រាបបាន ។
ការបង្ក្រាបសត្វគ្រួចដែលនាំពីប្រទេសវៀតណាមចូលតាមច្រកព្រែកចាក ខេត្តកំពត បានធ្វើឡើងនៅម៉ោងជាង១រំលងអធ្រាត្រឈានចូលថ្ងៃទី២០ វិច្ឆិកា ២០២០ នៅចំណុចជាតិលេខ៣ ភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ ខណៈឈ្មួញដែលគេមិនទាន់បង្ហាញអត្តសញ្ញាណ ប្រុងនាំមកចែកចាយបន្តនៅរាជធានីភ្នំពេញ ។
បើតាមសមត្ថកិច្ច ការចាប់សត្វគ្រួចនេះដែរ គឺដោយសារតែពុំរកឃើញមានលិខិតអនុញ្ញាតដឹកជញ្ជូនសត្វ ពីក្រសួងកសិកម្ម ។
បច្ចុប្បសត្វគ្រួច និងរថយន្ត១គ្រឿង ម៉ាក HYUNDAI ពណ៌ស ជាប្រភេទរថយន្តដឹកទំនិញចំណុះ៣,៥តោន ពាក់ស្លាកលេខកំពត 3A-0970 ដែលជាមធ្យោបាយដឹកជញ្ជូនសត្វគ្រួចខុសច្បាប់ខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនយកមករក្សាទុកនៅអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។
នេះចេះសំណាងហើយ ដែលសមត្ថកិច្ចបង្ក្រាបបានទាន់ពេលវេលា កុំអីសត្វគ្រួចដែលគេមិនដឹងថាមានផ្ទុកសារធាតុគីមី ឬអត់នោះ នឹងត្រូវគេដាក់អាំងលក់តាមផ្លូវសម្រាប់ជូនអ្នកនិយមសាច់សត្វគ្រួចនៅរាជធានីភ្នំពេញជាក់ជាមិនខាន ៕