គណៈសង្ឃ​នាយក ឲ្យ​ព្រះ​មេគណ​ទូ​ទាំង​ប្រទេស បើ​ឃើញ​ភិក្ខុ ឡុ​ង ច​ន្ថា ទីណា​ចាប់​ផ្សឹក​នៅ​ទីនោះ

រាជធានី​ភ្នំពេញ ៖ គណៈសង្ឃ​នាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចាត់​ទុក​ថា ភិក្ខុ ឡុ​ង ច​ន្ថា ជា​បុគ្គល​របឹង​រឹង​រុស (​ទុ​ព្វ​ច​ជាតិ​ក​ភិក្ខុ​) មិន​លុះ​ក្នុង​ធម៌​វិន័យ និង​ការ​អប់រំ ជា​អ្នក​ប្រទូស្ត​សា​រ៉ា​យ​សាសនា ជា​អ្នក​មិន​ចម្រើន​ដល់​សាសនា និង​ជា​អ្នក​ទម្លុះ​រដ្ឋបាល​សង្ឃ ពុំ​អាច​ឱ្យ​ស្ថិត​នៅ​ក្នុង​ភេទ​ជា​បព្វជិត ក្នុង​ព្រះពុទ្ធ​សាសនា បន្ត​ទៀត​បាន​ឡើយ ។

អាស្រ័យ​ហេតុនេះ គណៈសង្ឃ​នាយក បាន​ប្រគេន​មក​ព្រះ​មេគណ​ទាំង ២៥ រាជធានី​-​ខេត្ត ទូ​ទាំង​ប្រទេស កុំ​ផ្តល់​អាវាស​(​វត្ត​) ដល់​បុគ្គល​រូប​នេះ​ឲ្យ​ស្នាក់​នៅ​បន្ត​ក្នុង​សាសនា​តទៅ​ទៀត ផ្ទុយ​ទៅ​វិញ បើ​ឃើញ​បុគ្គល​រូប​នេះ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ចាត់វិធានការ​ឲ្យ​លាចាក​សិក្ខាបទ​(​សឹក​)​តាម​កិច្ចសន្យា​របស់​ខ្លួន​ដែល​បាន​ធ្វើ​ជាមួយ​សាលា​គណ​ខេត្តតាកែវ ។

សូម​រម្លឹក​ថា កាលពី​ថ្ងៃ​ទី​១៤ ឧសភា ២០២០​នេះ គឺជា​ថ្ងៃ​ដែល ភិក្ខុ ឡុ​ង ច​ន្ថា សុំ​មក​លាចាក​សិក្ខាបទ​(​សឹក​)​ដោយ​ខ្លួនឯង នៅ​វត្ត​ភ្នំ​បុរី ប៉ុន្តែ​គិត​មក​ត្រឹម​ម៉ោង​០៩​ព្រឹក​ថ្ងៃ​នោះ ពោល​គឺ​ដល់​ថ្ងៃ​សន្យា​«​លាចាក​សិក្ខាបទ​» បែរ​បាត់​ដំណឹង​ភិក្ខុ ឡុ​ង ច​ន្ថា ឈឹង ។

កោះសន្តិភាព​ជួប​ផ្ទាល់​ជាមួយ​ព្រះសង្ឃ នៅ​វត្ត​ភ្នំ​បុរី ស្ថិត​ក្នុង​កន្លែង​ត្រូវធ្វើ​ពិធី​សឹក បាន​មាន​សង្ឃដីកា បញ្ជាក់​ថា លោក​ឡុ​ង ច​ន្ថា បាន​ចេញ​ទៅ​វត្ត «​គោក​ពោធិ៍​» ជា​ស្រុក​កំណើត​លោក​គង់នៅ​វត្ត​ភ្នំ​បុរី ឃុំ​ព្រែក​ផ្ទោល ស្រុក​អង្គរបុរី ខេត្តតាកែវ ដោយ​មិន​បានដឹង​ដំណឹង​យ៉ាងណា​នោះ​ទេ​មក​ទល់​ថ្ងៃនេះ ។

យោង​តាម​ព្រះ​អង្គ​នៅ​វត្ត​ភ្នំ​បុរី មាន​សង្ឃដីកា​ទៀត​ថា លោក​ឡុ​ង ច​ន្ថា ទើប​មក​គង់នៅ​វត្ត​ភ្នំ​បុរី​នេះ បាន​រយៈ​ជាង​១​ឆ្នាំ​ប៉ុណ្ណោះ ។ ហើយ​បើ​តាម​លោក​ឡុ​ង ច​ន្ថា ធ្លាប់​មាន​សង្ឃដីកា​ប្រាប់​កន្លង​មក​ថា បើ​លោក​បួស​ឧបជ្ឈា​នៅ​វត្ត​ណា នោះ​លោក​ត្រូវ​ទៅ​សឹក​វត្ត​នោះ​វិញ ។ ក៏​ប៉ុន្តែ​មិន​មាន​ប្រភព​ច្បាស់លាស់​ណាមួយ​ថា គាត់​សឹក​នៅ​វត្ត​ណា​នោះ​ឡើយ ។

នៅ​ក្នុង​កិច្ចសន្យា ដែល​បាន​ធ្វើ​ឡើង​នៅ​វត្ត​តុំ ជា​វត្ត​ព្រះ​មេគណ មា​នទី​តាំងនៅ​ភូមិ​តុំ សង្កាត់​រកា​ក្រៅ ស្រុក​ដូន​កែវ ភិក្ខុ ឡុ​ង ច​ន្ថា មាន​សង្ឃដីកា​ថា «​បើ​គិត​ជា​ទោស​ក្នុង​ព្រះ​វិន័យ មិន​ដល់​ថ្នាក់​សឹក​ទេ ប៉ុន្តែ​កុំឱ្យ​ខូច​តម្លៃ​ព្រះពុទ្ធ​សាសនា ភិក្ខុ ឡុ​ង​ច​ន្ថា សម្រេច​លាចាក​សិក្ខាបទ​ដោយ​ខ្លួនឯង នៅ​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២០​ខាង​មុខ​នេះ​» ។ កិច្ចសន្យា​សម្រេចចិត្ត​លាចាក​សិក្ខាបទ​ដោយ​ខ្លួនឯង ក្រោយ​មានការ​បែកធ្លាយ​វី​ដេ​អូ​ឆាត​ញ៉ែ​ស្រី​តាម Facebook ៕

រូបភាពចាស់