ទីក្រុងប៉េកាំង ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសអ៊ីស្រាអែល គឺលោកឌូវៃ Du Wei អាយុ៥៧ឆ្នាំ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅឯនិវេសនដ្ឋានផ្លូវការរបស់លោកនៅក្នុងទីក្រុងឆ្នេរហឺហ្សីលីយ៉ា កាលពីព្រឹកថ្ងៃអាទិត្យ ដែលបណ្តាលមកពីមូលហេតុសុខភាព ដែលនេះជាការសន្និដ្ឋានជាបឋមរបស់អាជ្ញាធរក្នុងតំបន់ ។
រដ្ឋាភិបាលចិន នឹងបញ្ជូនអ្នកស៊ើបអង្កេតពិសេសមួយក្រុម ទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីស៊ើបអង្កេតរកមូលហេតុពិត នៃការស្លាប់របស់ឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅអ៊ីស្រាអែល ។
សេចក្តីថ្លែងការណ៍មួយពីទីក្រុងប៉េកាំង បាននិយាយថា លោកឌូវៃ បានស្លាប់នៅឯគេហដ្ឋានរបស់គាត់កាលពីថ្ងៃអាទិត្យ ដែលទំនងជាមកពីសុខភាព (គាំងបេះដូង)។
ប៉ុន្តែក្រសួងការបរទេសចិន បានបន្តថា “នេះគឺជាការសន្និដ្ឋានជាបឋម គឺថាឯកអគ្គរដ្ឋទូតឌូវៃ បានទទួលមរណភាព ដោយមិនបានរំពឹងទុក ដោយសារហេតុផលសុខភាព ។ ព័ត៌មានលម្អិតរង់ចាំការបញ្ជាក់បន្ថែម” ។
យ៉ាងណា រដ្ឋាភិបាលចិន នឹងបញ្ជូនក្រុមពិសេស ដើម្បីបើកការស៊ើបអង្កេតឯករាជ្យមួយ ហើយនឹងរៀបចំ ដឹកសាកសពលោកឌូវៃ ទៅប្រទេសចិន ដើម្បីបញ្ចុះ។ អ្នកតំណាងក្រុមគ្រួសារលោកឌូវៃ នឹងចូលរួមក្នុងក្រុមនេះ ។ ក្រុមនេះនឹងមិនតម្រូវឲ្យ ដាក់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃទេ ដែលជាធម្មតាសម្រាប់ការមកដល់របស់ប្រជាជនអ៊ីស្រាអែល ត្រូវតែដាច់នៅដោយឡែក ១៤ថ្ងៃសិន ដើម្បីបង្ការការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ។
សូមរម្លឹកថា «ឯកអគ្គរដ្ឋទូតចិនប្រចាំអ៊ីស្រាអែលទទួលមរណភាពហើយ» អ្នកនាំពាក្យប៉ូលិសអ៊ីស្រាអែល លោកMICKY ROSENFELD បញ្ជាក់ថា មានអាយុ៥៧ឆ្នាំ ហើយទើបចូលកាន់តំណែងកាលពីខែកុម្ភៈ ឯកអគ្គរដ្ឋទូតចិនប្រចាំអ៊ីស្រាអែល លោកឌូវ៉ៃ ត្រូវបានប្រទះឃើញទទួលមរណភាព កាលពីថ្ងៃទី១៧ឧសភា ក្នុងនិវេសនដ្ឋានរបស់លោក ក្នុងទីក្រុង HERZLIYA ជិតទីក្រុងតែលអាវីវ ៕




