ហាង​អាហារ​ណា មិន​ធ្វើ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល នឹង​បិទ​ជា​បណ្តោះអាសន្ន

រាជធានី​ភ្នំពេញ ៖ នៅ​តាម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​មួយ​ចំនួន ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ទាំង​ម្ចាស់​ភោជនីយដ្ឋាន និង​ភ្ញៀវ ដោយ​ពុំ​បាន​អនុវត្តន៍​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ឡើយ ។ ក្នុង​ករណី​ម្ចាស់​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន មិន​អនុវត្តន៍​តាម​ការ​ណែនាំ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បិទ​អាជីវកម្ម ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ជា​បណ្តោះអាសន្ន ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២០​នេះ បានឱ្យ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​ម្ចាស់​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទាំងអស់ ក្នុង​រាជធានី​ភ្នំពេញ ឲ្យ​បាន​ជ្រាប​ថា ក្រោយ​ពី​មានការ​ព្យាបាល​អ្នកជំងឺ​កូ​វី​ដិ​១៩ ជា​សះស្បើយ​អស់​នៅ​ក្នុង​កម្ពុជា រដ្ឋបាល​រាជធានី​ភ្នំពេញ សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​មិន​មានការ​ភ័យ​ខ្លាច និង​បាត់​ការ​ប្រុង​ប្រយ័ត្ន ចំពោះ​ជំងឺ​កូ​វី​ដ​១៩ ហើយ​នៅ​តាម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​មួយ​ចំនួន​ខ្ចះ​ការ​ប្រុង​ប្រយ័ត្ន ទាំង​ម្ចាស់​ភោជនីយដ្ឋាន និង​ភ្ញៀវ ដោយ​ពុំ​បាន​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ។

ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់ ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ឱ្យ​កាន់តែ​មាន​ប្រសិទ្ធ ភាព​ថែម​ទៀត រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើការ​ណែនាំ​ដល់​ម្ចាស់​ភោជនីយដ្ឋាន និង អាហារ​ដ្ឋា​ន​ទាំងអស់​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ដូច​តទៅ ៖
១-​ម្ចាស់​អាជីវកម្ម​ភោជនីយដ្ឋាន និង អាហារ​ដ្ឋា​ន​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ ត្រូវ​គោរព​ឱ្យ​បាន​ត្រឹមត្រូវ តាម​ការ​ណែនាំ​របស់ ក្រសួងសុខាភិបាល ស្តី​ពី​ការ​ផែនការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​។
២-​ត្រូវ​រៀប ចំ​ឱ្យ​មានទឹក​អាល់កុល ឬ​ជែ​ល សម្រាប់​លាងដៃ​នៅ​មុខ​ច្រក​ចេញចូល និង​ត្រូវ​ចាត់តាំង បុគ្គលិក​ធ្វើការ​វាស់​កំ​ដៅ​ជូន​ភ្ញៀវ​ទាំងអស់ មុន​នឹង​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ចូល​ក្នុង​ភោជនីយដ្ឋាន និង អាហារ​ដ្ឋា​ន​។
៣-​ត្រូវ​រក្សា​គម្លាត​សង្គម​ឱ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខា ភិ​បាល​។

ក្នុង​សេចក្តីជូនដំណឹង​ដដែល​បាន​សង្កត់ធ្ងន់​ថា «​ក្នុង​ករណី ម្ចាស់​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន មិន​អនុវត្តន៍​តាម​ការ​ណែនាំ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បិទ​អាជីវកម្ម ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ជា​បណ្តោះអាសន្ន​» ៕