ក្មេង​មិន​ទាន់​គ្រប់​អាយុ​ប្រើ​បណ្តាញ​សង្គម TikTok ឪពុក​ម្តាយ​គួរ​ប្រុង​ប្រយ័ត្ន​!

រាជធានី​ភ្នំពេញ ៖ យើង​បានដឹង​ហើយ​ថា កម្មវិធី TikTok គឺជា​កម្មវិធី​ដ៏​ពេញ​និយម​មួយ​សម្រាប់​ថត និង​ចែកចាយ​វី​ដេ​អូ​ឃ្លី​ប​ខ្លី​ៗ​ជា​របៀប​ច្រៀង​តាម (lip-syncing video) មិន​ត្រឹមតែ នៅ​ក្រៅប្រទេស​នោះ​ទេ ថែម​ទាំង​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ផង​ដែរ ជា​ពិសេស​ក្នុង​ចំណោម​ក្មេង​ៗ ដែល​មិន​ទាន់​គ្រប់​អាយុ​។

បើ​តោង​តាម​ប្រភព​ពី​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ក្រសួងមហាផ្ទៃ បានអោយ​ដឹង​ថា ដោយសារ​តែ​ហេតុផល​ទាំងនេះ​ហើយ បានជា​ក្រុម​អ្នក​គាំពារ​កុមារ មានការ​ព្រួយបារម្ភ​ជាមួយនឹង​កម្មវិធី​នេះ ក៏​ព្រោះតែ​កម្មវិធី​នេះ ពុំ​មាន​គោលការណ៍ ក្នុង​ការ​ការពារ​ឯកជន​ភាព​របស់​កុមារ ។

កាលពី​ឆ្នាំ​កន្លង​ទៅ ក្រុមហ៊ុន Musical.ly ដែល​ជា​ក្រុមហ៊ុន TikTok បាន​ទិញ និង​បញ្ចូល​ជា​ក្រុមហ៊ុន​តែ​មួយ​នោះ ត្រូវ​បាន​រក​ឃើញ​ថា បាន​បំពាន​លើ​ច្បាប់ឯកជន​ភាព​របស់​កុមារ នៅ​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត ព្រោះ​បាន​ទាញ​យក​ទិន្នន័យ​ដូច​ជា ឈ្មោះ អ៊ីមែល វី​ដេ​អូ និង​ព័ត៌មាន​ផ្ទាល់ខ្លួន​ផ្សេង​ៗ​ទៀត​ពី​អ្នក​ប្រើប្រាស់​ដែល​មាន​វ័យ​តិច​ជាង​១៣​ឆ្នាំ ដោយ​មិន​មានការ​ឯកភាព​ពី​អាណាព្យាបាល​របស់​ពួក​គេ ។

ជាង​នេះ​ទៅ​ទៀត​គេ​ក៏​បាន​រក​ឃើញ​ថា ប្រូ​ហ្វា​ល់​របស់​អ្នក​ប្រើប្រាស់​ត្រូវ​បាន​ដាក់​ឱ្យ​ឃើញ​ជា​សាធារណៈ ដែល​ជា​ហេតុ​នាំ​ឱ្យ​មនុស្ស​ពេញវ័យ​មួយ​ចំនួន បាន​ប្រើ​កម្មវិធី​នេះ ដើម្បី​ធ្វើការ​ផ្ញើ​សារ​ទាក់ទង​ទៅ​ក្មេង​ៗ​ទាំងនោះ ។

ក្រុមហ៊ុន TikTok បាន​យល់ព្រម​ធ្វើ​កំណែ​កំហុសឆ្គង​ទាំងនោះ ប៉ុន្តែ​គិត​មក​ដល់​ពេល​នេះ ក្រុមហ៊ុន​នៅ​មិន​ទាន់​ធ្វើការ​កែប្រែ​ទៅ​លើ​កម្មវិធី​របស់​ខ្លួន​នៅឡើយ​ទេ​។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ក្រសួងមហាផ្ទៃ សូម​ណែនាំ​ដល់​អាណាព្យាបាល ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​កូន​ៗ​របស់​ខ្លួន​ក្នុង​ការ​ប្រើប្រាស់​កម្មវិធី​នៅ​តាម​បណ្តាញ​សង្គម​ផ្សេង​ៗ ជា​ពិសេស​កម្មវិធី TikTok សូម​មានការ​ណែនាំ​ពួក​គាត់​កុំឱ្យ​ប្រើប្រាស់​កម្មវិធី​ទាំងនោះ​ច្រើន​ពេក និង​តាមដាន​ពី​សកម្មភាព​របស់​ពួក​គាត់​ឱ្យ​បាន​ជាប់លាប់ ព្រោះ​វា​នាំ​ឱ្យ​ខាត​ពេលវេលា​រៀនសូត្រ និង​អាច​នាំ​មក​នូវ​ផល់​ប៉ះពាល់​ផ្សេង​ៗ​ទៀត​ផង ៕