ខេត្តឧត្ដរមានជ័យ ៖ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ អាជ្ញាធរថៃបានចូលមកពិនិត្យនិងរារាំងកន្លែងដាក់ម៉ាស៊ីនស្គែនរកជំងឺកូវីដ១៩ របស់ក្រុមគ្រូពេទ្យចត្តាឡីស័កកម្ពុជា នៅក្នុងទឹកដីខ្មែរ ត្រង់ចំណុចព្រំដែនច្រកទ្វារអូរស្មាច់ ក្រុងសំរោង ក្រោយពីភាគីកម្ពុជាបានពន្យល់ថានឹងដកតង់នោះចោល បន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩ បានធូរស្រាល អាជ្ញាធរថៃ បានយល់ព្រម ហើយចាកចេញវិញ ។
សូមបញ្ជាក់ថា កាលពីថ្ងៃពុធ ក្រុមការងារមួយ បានរៀបចំតង់ ដើម្បីវ៉ាស់សីតុណ្ហភាពរបស់ពលករចំណាកស្រុក ដែលឆ្លងកាត់ព្រំដែន ចម្ងាយប្រហែល២ម៉ែត្រពីព្រំដែនរវាងប្រទេសទាំងពីរ (នៅក្នុងទឹកដីខ្មែរ) ។
បើតាមមន្ត្រីខ្មែរ ប្រចាំច្រកទ្វារអន្តរជាតិអូរស្មាច់ បានឱ្យដឹងថា ការឈ្លោះប្រកែកគ្នានេះ បានកើតឡើងកាលពីម្សិលមិញនេះ នៅពេលដែលអាជ្ញាធរថៃ ចំនួន៤នាក់ ទាមទារឱ្យរុះតង់ថ្មីមួយមានទំហំ ៣គុណនឹង៥ម៉ែត្រ នោះចេញ បើមិនរុះទេ ភាគីថៃនឹងបិទច្រកទ្វារអន្តរជាតិអូរស្មាច់ចោលទាំងស្រុង ។
មន្ត្រីខ្មែរ ប្រចាំច្រកទ្វារអន្តរជាតិអូរស្មាច់ បានបន្តថា អាជ្ញាធរថៃ ថែមទាំងចង់ហាមឃាត់ការចូលរបស់យានយន្ត ដឹកជញ្ជូនទំនិញពីប្រទេសកម្ពុជា ទៅប្រទេសថៃទៀតផង ប៉ុន្តែបន្ទាប់ពីបានចរចា ជាមួយអធិការនគរបាលព្រំដែន នៃច្រកព្រំដែនអូស្មាច់ ពួកគេបានយល់ព្រម និងដកថយទៅវិញ និងអនុញ្ញាតឱ្យបន្តការដឹកជញ្ជូនទំនិញឆ្លងកាត់ ។
ប្រធានច្រកទ្វារអន្តរជាតិអូរស្មាច់ បានបញ្ជាក់ថា ជាមធ្យមមានមនុស្ស១០០នាក់ ដែលឆ្លងព្រំដែនជារៀងរាល់ថ្ងៃ ពីប្រទេសថៃ មកកម្ពុជា ។ បច្ចុប្បន្នមានតែពលករចំណាកស្រុកចំនួន ២១នាក់ ប៉ុណ្ណោះដែលត្រូវបានទុកនៅក្នុងមណ្ឌលដាច់ដោយឡែក ។ ចំណែកកម្មករផ្សេងទៀតត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញហើយ និងកម្មករចំណាកស្រុកចំនួន ២១២នាក់ ត្រូវបានធ្វើតេស្តរកមេរោគកូវីដ១៩ ជាលទ្ធផលគឺអវិជ្ចមាន ទាំងអស់ ៕