លើលោកនេះគ្មានអ្វីដែលស្ថិតស្ថេរជាអមតៈនោះទេ មានតែអំពើល្អ ភាពស្មោះត្រង់ និងកិត្តិនាមល្អប៉ុណ្ណោះ ដែលគង់វង្ស ។ ស្តេចបាល់ទាត់អាហ្សង់ទីននិងពិភពលោក លោក ម៉ារ៉ាដូណា ទទួលមរណភាពដោយគាំងបេះដូងក្នុងវ័យ៦០ឆ្នាំ ។ ការបាត់បង់ជីវិតនៅក្នុងផ្ទះរបស់លោកក្នុងទីក្រុង Buenos Airs បង្កការភ្ញាក់ផ្អើលកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ វិច្ឆិកានេះ បានកើតឡើងតែ២០ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ម៉ារ៉ាដូណា ត្រូវបានក្រុមវេជ្ជបណ្ឌិតជំនាញបានវះកាត់យកឈាមចេញពីខួរក្បាលបានដោយជោគជ័យនោះរួចមក ។
មរណភាពដ៍គួរឲ្យសោកស្តាយបំផុតរបស់ស្តេចបាល់ទាត់រូបនេះ ក៍ត្រូវបានប្រធានាធិបតីអាហ្សង់ទីនប្រកាសកាន់ទុក្ខរយៈពេល៣ថ្ងៃផងដែរ ។
Diego Maradona ឈ្មោះពេញ Diego Amando Maradona កើតនៅថ្ងៃទី៣០ តុលា ១៩៦០ ក្នុងគ្រួសារដ៍ក្រីក្រមួយ ក្នុងសង្កាត់ Lanus ក្រុង Buenos Airs ប្រទេសអាហ្សង់ទីន (Argentina) ។
Maradona បានចាប់លេងបាល់ជាមួយក្មេងៗអ្នកជិតខាងរបស់លោកនៅអាយុ៨ឆ្នាំ និងបានវិវត្តន៍លេងឲ្យក្លឹបដំបូង Los Cebollitas ។
ឈានដល់វ័យ ១២ឆ្នាំ ម៉ារ៉ាដូណា បានឈានចូលលេងនៅLeague ទី១ និងដោយសារទេពកោសល្យ លោកក៍ត្រូវបានគេប្រៀបប្រដូចទៅនឹងកីឡាករល្បីឈ្មោះរបស់ប្រទេសប្រេស៊ីលលោក Rivelino និងកីឡាករខ្សែបម្រើស្លាបល្បីឈ្មោះនៅក្លឹប Manchester United លោក George Best ។
ក្រោយមកដោយសារតែភាពឆ្លាតវៃរួមនឹងកម្លាំងពីធម្មជាតិ ម៉ារ៉ាដូណា ក៍បានវិវត្តន៍ខ្លួនក្លាយជាកីឡាករអាជីពនៅវ័យ១៦ឆ្នាំ និង បានចូលលេងឲ្យក្លឹបអាជីពដំបូង Argentinos Juniors ដោយបង្ហាញខ្លួន ១៦៧ដង ស៊ុតបញ្ចូលទីបានរហូតដល់ ១១៦គ្រាប់ ពីឆ្នាំ១៩៧៦ដល់ឆ្នាំ១៩៨១ និងបានជាប់ជាជម្រើសជាតិក្រោមអាយុ២០ឆ្នាំរបស់ប្រទេសអាហ្សង់ទីន(U20) ដោយបង្ហាញខ្លួន ១៥ដង ស៊ុតបញ្ចូលទីបាន៨គ្រាប់ ។
ដោយសារទេពកោសល្យដ៍អស្ចារ្យ ខ្សែប្រយុទ្ឋរហ័សនាម«ខ្លាកន្តឿ» កម្ពស់១.៦៥m រូបនេះ ត្រូវបាបក្លឹបល្បីៗជាច្រើននៅក្នុងប្រទេស អាមេរិកខាងត្បូង និង អឺរ៉ុប បានចាប់អារម្មនិងទិញរកទៅលេងដោយបានប្រកបអាជីពបាល់ទាត់នៅក្លឹបល្បីៗដូចជា ក្លឹប Boca Juniors (អាហ្សង់ទីន)ដោយបង្ហាញខ្លួនលើទីលានវាលស្មៅ ៤០ដង ស៊ុតបញ្ចូលទី ២៨គ្រាប់ ពីឆ្នាំ១៩៨១-១៩៨២ , ក្លឹប Barcelona របស់ប្រទេសអេស្ប៉ាញ ពីឆ្នាំ១៩៨២-១៩៨៤ ដោយបង្ហាញខ្លួន ៣៦ដង ស៊ុតបញ្ចូលទី២២គ្រាប់ ,ក្លឹប Napoli របស់ប្រទេសអ៊ីតាលី បង្ហាញខ្លួន១៨៨ដង ស៊ុតបញ្ចូលទី ៨១គ្រាប់ ពីឆ្នាំ១៩៨៤-១៩៩១ ,ក្លឹប Sevilla របស់ប្រទេសអេស្ប៉ាញពីឆ្នាំ១៩៩២-១៩៩៣ បង្ហាញខ្លួន ២៦ដង ស៊ុតបញ្ចូលទីបាន៥គ្រាប់ , ក្លឹប Newell’s Old Boys របស់ប្រទេសកំណើតលោក ពីឆ្នាំ១៩៩៣-១៩៩៤ បង្ហាញខ្លួន៥ដង មិនមានការស៊ុតបញ្ចូលទី និង បានវិលទៅក្លឹបដែលលោកចាប់អាជីពដំបូង Boca Juniors ដោយបង្ហាញខ្លួន ៣០ដង ស៊ុតបញ្ចូលទី ៧គ្រាប់ ។
នៅក្នុងការលេងឲ្យក្រុមជម្រើសជាតិឈុតធំពីឆ្នាំ១៩៧៧ដល់ឆ្នាំ១៩៩៤ ម៉ារ៉ាដូណា បង្ហាញខ្លួន៩១ដង ស៊ុតបញ្ចូលទី ៣៤គ្រាប់ ហើយបានជួយឲ្យអាហ្សង់ទីនគ្រងជើងឯកបាល់ទាត់ពិភពលោកនៅឆ្នាំ១៩៨៦ បន្ទាប់ពីយកឈ្នះ អាឡឺម៉ង់ខាងលិច ៣-២ នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងទីក្រុង Estadio Azteca ប្រទេសម៉ិចស៊ិក( Mexico ) កាលពីថ្ងៃទី២៩ មិថុនា ១៩៨៦ ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ជាង១១ម៉ឺននាក់។
យ៉ាងណា មុនពេលឡើងមកជួបអាឡឺម៉ង់ខាងលិច (កាលណោះអាឡឺម៉ង់ខាងលិចនិងខាងកើតមិនទាន់រួបរួមគ្នា)នៅវគ្គផ្តាច់ព្រ័ត្រនោះ គឺមានភាពចម្រូងចម្រាស់នៅពេលអាហ្សង់ទីនជួបអង់គ្លេសនៅវគ្គ៤ក្រុមចុងក្រោយ( Semi Final) កាលពីថ្ងៃទី២២ មិថុនា ១៩៨៦ នៅកីឡដ្ឋាន Estadio Azteca ប្រទេសម៊ីចស៊ិក ដែលម៉ារ៉ាដូណា បានយកដៃវ៉ៃបញ្ចូលទី អំឡុងពេលហក់តែតបាល់ ដែលធ្វើឲ្យអាហ្សង់ទីនយកឈ្នះអង់គ្លេស ២-១ ។ គ្រាប់បាល់ដែល ម៉ារ៉ាដូណា យកដៃវ៉ៃបញ្ចូលទីនៅនាទីទី៥១នាំតង់ទី២នោះ ត្រូវបានស្តេចបាល់ទាត់អាហ្សង់ទីននិងពិភពលោករូបនេះថាជាដៃព្រះជាម្ចាស់ប្រទាន (Hand Of God goal ) ធ្វើឲ្យក្រុមអង់គ្លេសនិងប្រជាពលរដ្ឋអង់គ្លេសខឹងនិងចងចាំព្រឹត្តិការណ៍នេះជានិច្ច ។
ចាប់ពីពេលនោះរហូតមកទល់នឹងពេលបច្ចុប្បន្ន គេកម្រនឹងឃើញកីឡាករអាជីពល្បីៗរបស់ប្រទេសអាហ្សង់ទីន មកលេខនៅក្លឹបល្បីៗរបស់ប្រទេសអង់គ្លេសណាស់ បើមានក៍នៅរយៈពេលខ្លីដែរ ។ ក្រៅពីមានរឿងអាស្រូវយកដៃវ៉ៃបញ្ចូលទីអង់គ្លេសកាលពី៣៤ឆ្នាំមុន ម៉ារ៉ាដូណា ក៍នៅមានរឿងអាស្រូវប្រើប្រា់ស់គ្រឿងញៀន រហូតអាជ្ញាធរអាហ្សង់ទីនឃុំខ្លួនលោកផងដែរ ។
យ៉ាងណា«អង្រុត» សូមចូលរួមសោកស្តាយនិងរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារនិងប្រជាពលរដ្ឋអាហ្សង់ទីន ដែលបានបាត់បង់វីរបុរសលើទីលានវាលស្មៅរបស់ខ្លួន និងសូមឲ្យវិញ្ញាណក្ខ័ន្ធីលោក ម៉ារ៉ាដូណា ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕