លោកស័ក្តិ៥ទ័ពអាកាស ដែលគំរាមសម្លាប់មួយគ្រួសារ អាចហោះហើរវិញហើយ

ទីបំផុត​ទៅ លោក​វរៈសេនីយ៍ឯក (​ស័ក្តិ​៥) ហ៊ី​ម សំបូរ បម្រើ​ការងារ​នៅ​ទីបញ្ជាការដ្ឋាន​កងទ័ព​ជើង​អាកាស ដែល​រង​ការ​ចោទ​ពី​ស្ត្រី​ម្នាក់ ថា​បាន​យក​កាំភ្លើង​ដើរ​ជេរ​ប្រមាថ និង​គំរាម​បាញ់​សម្លាប់​មួយ​គ្រួសារ ហើយ​ដែល​ត្រូវ​បាន​មន្ត្រី​កងរាជអាវុធហត្ថ​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​២០ វិច្ឆិកា​កន្លង​មកនេះ ត្រូវ​បាន​លោក​ព្រះរាជអាជ្ញា​រង ស៊ិ​ត វណ្ណៈ ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ ។​

​នេះ​បើ​យោង​តាម​ប្រភព​ពី​មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ ។ យ៉ាងណា ប្រភព​បន្ត​ថា ទោះជា​ដោះ​លែង​លោក ហ៊ី​ម សំបូរ ឲ្យ​នៅ​ក្រៅ​ឃុំ ប៉ុន្តែ​នីតិវិធី​នៅ​បន្ត​ដដែល ។​

​គួ​រំ​ឮ​កថា លោក​ស័ក្តិ​៦ ហ៊ី​ម សំបូរ ត្រូវ​បាន​ស្ត្រី​ឈ្មោះ អ៊ុ​ក ស្រីរិន ដែល​បាន​ដាក់​ពាក្យ​ប្តឹង ក្រោយ​ពី​លោក ត្រូវ​បាន​ស្ត្រី​ជាដើម​បណ្តឹង​ថា​គំរាម​សម្លាប់​ក្រុម​គ្រួសារ​នាង​មួយ​គ្រួសារ ។​

​នៅ​ក្នុង​ពាក្យបណ្តឹង​របស់​ស្ត្រី​ឈ្មោះ អ៊ុ​ក ស្រីរិន ដែល​អះអាង​ថា​ជា​ជន​រង​គ្រោះ​បាន​រៀបរាប់​ពី​ដំណើររឿង​ថា កាលពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ២០២០ វេលា​ម៉ោង​២០៖២០​នាទី នៅ​ចំណុច​មុខ ផ្ទះ​លេខ​២៤៦ ផ្លូវ​២៧១ ភូមិ​អូរ​បែក​ក្អម សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ឈ្មោះ ហ៊ី​ម សំបូរ កើត​ថ្ងៃ​ទី​១៥ មេ​សា ១៩៦២ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​លេខ​១៤៥ ផ្លូវ​២៧១ ភូមិ​អូរ​បែក​ក្អម សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ បច្ចុប្បន្ន​បម្រើ​ការងារ​នៅ​បញ្ជាការដ្ឋាន​កងទ័ព​ជើង​អាកាស មាន​ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ឯក ដែល​មាន​ដី​ផ្ទះ​ជិត​ផ្ទះ​នាង​ខ្ញុំ បាន​ដើរ​កាន់​អាវុធ​ខ្លី​មិន​ស្គាល់​ម៉ាក​ចំនួន ០១ (​មួយ​) ដើម កាន់​ដើរ​កាត់មុខ​ផ្ទះ​នាង​ខ្ញុំ ឆ្ពោះទៅ​ហាង​អ៊ុតសក់​នាង​ខ្ញុំ​យីហោ​( ជី ជី សាឡ​ន ) ដោយ​បាន​ធ្វើការ​សម្លុត និង​គំរាមកំហែង​សម្លាប់​ទាំង​គ្រួសារ​ដោយ​អាវុធ​ខ្លី​។​

​នាង​ខ្ញុំ​សូម​បញ្ជាក់​ផង​ដែរ​ថា ឈ្មោះ ហ៊ី​ម សំបូរ តែងតែ​រករឿង​ឈ្លោះ​ជាមួយ​ក្រុម​គ្រួសារ​នាង​ខ្ញុំ​ជា​ញឹកញាប់ ចាប់តាំងពី​នាង​ខ្ញុំ​បាន​សាងសង់​ផ្ទះ ល្វែង​អំពី​ថ្ម​រួច​មក ឈ្មោះ​នេះ​តែងតែ​មិន​ពេញចិត្ត​នឹង​ក្រុម​គ្រួសារ​នាង​ខ្ញុំ​។ លើស​ពី​នេះ​ទៅ​ទៀត ឈ្មោះ ហ៊ី​ម សំបូរ នេះ តែងតែ​កាន់​អាវុធ​ខ្លី​ដើរ​គំរាមកំហែង​អ្នក​ជិតខាង​ណា​ដែល​បាន​ឈ្លោះ​ជាមួយ​គេ ហើយ​សម្លុត​និង​បាន​បោះពាក្យ​សម្តី​ថា «​អ្ហែង​ធ្វើ​មិន​ឈ្នះ​អញ​ទេ​» ។​

​ទ​ង្វើ​ទាំង​អស់នេះ​ធ្វើ​ឱ្យ​នាង​ខ្ញុំ​រស់នៅ​មិន​បាន​សុខ ដោយ​ការ​គំរាមកំហែង​ថា​សម្លាប់​ទាំង​គ្រួសារ ហើយ​បុរស​នោះ​តែង​និយាយ​ថា សុខចិត្ត​ស្លាប់​នោះ​ថែម​ទៀត​៕