វីរបុរសបាល់ទាត់អាហ្សង់ទីនដែលយកដៃបញ្ចប់ក្តីស្រម៉ៃរបស់អង់គ្លេសកាលពី៣៤ឆ្នាំមុនទទួលមរណភាព

លើ​លោក​នេះ​គ្មាន​អ្វី​ដែល​ស្ថិតស្ថេរ​ជា​អមតៈ​នោះ​ទេ មាន​តែ​អំពើ​ល្អ ភាព​ស្មោះត្រង់ និង​កិត្តិនាម​ល្អ​ប៉ុណ្ណោះ ដែល​គង់វង្ស ។ ស្តេច​បាល់ទាត់​អា​ហ្ស​ង់​ទី​ន​និង​ពិភពលោក លោក ម៉ា​រ៉ា​ដូ​ណា ទទួលមរណភាព​ដោយ​គាំងបេះដូង​ក្នុង​វ័យ​៦០​ឆ្នាំ ។ ការ​បាត់​បង់ជីវិត​នៅ​ក្នុងផ្ទះ​របស់​លោក​ក្នុង​ទីក្រុង Buenos Airs បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ វិច្ឆិកា​នេះ បាន​កើតឡើង​តែ​២០​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​លោក ម៉ា​រ៉ា​ដូ​ណា ត្រូវ​បាន​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​បាន​វះកាត់​យក​ឈាម​ចេញពី​ខួរក្បាល​បាន​ដោយ​ជោគជ័យ​នោះ​រួច​មក ។​

មរណភាពដ៍គួរឲ្យសោកស្តាយបំផុតរបស់ស្តេចបាល់ទាត់រូបនេះ ក៍ត្រូវបានប្រធានាធិបតីអាហ្សង់ទីនប្រកាស​កាន់​​ទុក្ខរយៈពេល៣ថ្ងៃផងដែរ ។

Diego Maradona ឈ្មោះ​ពេញ Diego Amando Maradona កើត​នៅ​ថ្ងៃ​ទី​៣០ តុលា ១៩៦០ ក្នុង​គ្រួសារ​ដ៍​ក្រីក្រ​មួយ ក្នុង​សង្កាត់ Lanus ក្រុង Buenos Airs ប្រទេស​អា​ហ្ស​ង់​ទី​ន (Argentina) ។​
Maradona បាន​ចាប់​លេង​បាល់​ជាមួយ​ក្មេង​ៗ​អ្នក​ជិតខាង​របស់​លោក​នៅ​អាយុ​៨​ឆ្នាំ និង​បាន​វិវត្តន៍​លេង​ឲ្យ​ក្លឹ​ប​ដំបូង Los Cebollitas ។​

​ឈាន​ដល់​វ័យ ១២​ឆ្នាំ ម៉ា​រ៉ា​ដូ​ណា បាន​ឈាន​ចូល​លេង​នៅ​League ទី​១ និង​ដោយសារ​ទេព​កោសល្យ លោក​ក៍​ត្រូវ​បាន​គេ​ប្រៀបប្រដូច​ទៅ​នឹង​កីឡាករ​ល្បីឈ្មោះ​របស់​ប្រទេស​ប្រេ​ស៊ី​ល​លោក Rivelino និង​កីឡាករ​ខ្សែបម្រើ​ស្លាប​ល្បីឈ្មោះ​នៅ​ក្លឹ​ប Manchester United លោក George Best ។​

​ក្រោយមក​ដោយសារ​តែ​ភាព​ឆ្លាត​វៃ​រួម​នឹង​កម្លាំង​ពី​ធម្មជាតិ ម៉ា​រ៉ា​ដូ​ណា ក៍បាន​វិវត្តន៍​ខ្លួន​ក្លាយជា​កីឡាករ​អាជីព​នៅ​វ័យ​១៦​ឆ្នាំ និង បាន​ចូល​លេង​ឲ្យ​ក្លឹ​ប​អាជីព​ដំបូង Argentinos Juniors ដោយ​បង្ហាញខ្លួន ១៦៧​ដង ស៊ុត​បញ្ចូល​ទី​បាន​រហូត​ដល់ ១១៦​គ្រាប់ ពី​ឆ្នាំ​១៩៧៦​ដល់​ឆ្នាំ​១៩៨១ និង​បាន​ជាប់​ជា​ជម្រើសជាតិ​ក្រោម​អាយុ​២០​ឆ្នាំ​របស់​ប្រទេស​អា​ហ្ស​ង់​ទី​ន​(U20) ដោយ​បង្ហាញខ្លួន ១៥​ដង ស៊ុត​បញ្ចូល​ទី​បាន​៨​គ្រាប់ ។​

​ដោយសារ​ទេព​កោសល្យ​ដ៍​អស្ចារ្យ ខ្សែ​ប្រ​យុ​ទ្ឋ​រហ័ស​នាម​«​ខ្លា​កន្តឿ​» កម្ពស់​១.៦៥m រូប​នេះ ត្រូវ​បាប​ក្លឹ​ប​ល្បី​ៗ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស អា​មេ​រិ​ក​ខាងត្បូង និង អឺរ៉ុប បាន​ចាប់​អារ​ម្ម​និង​ទិញ​រក​ទៅ​លេង​ដោយ​បាន​ប្រកប​អាជីព​បាល់ទាត់​នៅ​ក្លឹ​ប​ល្បី​ៗ​ដូច​ជា ក្លឹ​ប Boca Juniors (​អា​ហ្ស​ង់​ទី​ន​)​ដោយ​បង្ហាញខ្លួន​លើ​ទីលាន​វាលស្មៅ ៤០​ដង ស៊ុត​បញ្ចូល​ទី ២៨​គ្រាប់ ពី​ឆ្នាំ​១៩៨១-១៩៨២ , ក្លឹ​ប Barcelona របស់​ប្រទេស​អេ​ស្ប៉ា​ញ ពី​ឆ្នាំ​១៩៨២-១៩៨៤ ដោយ​បង្ហាញខ្លួន ៣៦​ដង ស៊ុត​បញ្ចូល​ទី​២២​គ្រាប់ ,​ក្លឹ​ប Napoli របស់​ប្រទេស​អ៊ី​តា​លី បង្ហាញខ្លួន​១៨៨​ដង ស៊ុត​បញ្ចូល​ទី ៨១​គ្រាប់ ពី​ឆ្នាំ​១៩៨៤-១៩៩១ ,​ក្លឹ​ប Sevilla របស់​ប្រទេស​អេ​ស្ប៉ា​ញ​ពី​ឆ្នាំ​១៩៩២-១៩៩៣ បង្ហាញខ្លួន ២៦​ដង ស៊ុត​បញ្ចូល​ទី​បាន​៥​គ្រាប់ , ក្លឹ​ប Newell’s Old Boys របស់​ប្រទេស​កំណើត​លោក ពី​ឆ្នាំ​១៩៩៣-១៩៩៤ បង្ហាញខ្លួន​៥​ដង មិន​មានការ​ស៊ុត​បញ្ចូល​ទី និង បាន​វិល​ទៅ​ក្លឹ​ប​ដែល​លោក​ចាប់​អាជីព​ដំបូង Boca Juniors ដោយ​បង្ហាញខ្លួន ៣០​ដង ស៊ុត​បញ្ចូល​ទី ៧​គ្រាប់ ។​

​នៅ​ក្នុង​ការ​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​ពី​ឆ្នាំ​១៩៧៧​ដល់​ឆ្នាំ​១៩៩៤ ម៉ា​រ៉ា​ដូ​ណា បង្ហាញខ្លួន​៩១​ដង ស៊ុត​បញ្ចូល​ទី ៣៤​គ្រាប់ ហើយ​បាន​ជួយ​ឲ្យ​អា​ហ្ស​ង់​ទី​ន​គ្រង​ជើងឯក​បាល់ទាត់​ពិភពលោក​នៅ​ឆ្នាំ​១៩៨៦ បន្ទាប់​ពី​យកឈ្នះ អា​ឡឺ​ម៉​ង់​ខាងលិច ៣-២ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ក្នុង​ទីក្រុង Estadio Azteca ប្រទេស​ម៉ិចស៊ិក​( Mexico ) កាលពី​ថ្ងៃ​ទី​២៩ មិថុនា ១៩៨៦ ក្រោម​ក្រសែភ្នែក​អ្នក​ទស្សនា​ផ្ទាល់​ជាង​១១​ម៉ឺន​នាក់​។​

​យ៉ាងណា មុន​ពេល​ឡើង​មក​ជួប​អា​ឡឺ​ម៉​ង់​ខាងលិច (​កាល​ណោះ​អា​ឡឺ​ម៉​ង់​ខាងលិច​និង​ខាងកើត​មិន​ទាន់​រួបរួម​គ្នា​)​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នោះ គឺ​មាន​ភាព​ចម្រូងចម្រាស់​នៅ​ពេល​អា​ហ្ស​ង់​ទី​ន​ជួប​អង់គ្លេស​នៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ​( Semi Final) កាលពី​ថ្ងៃ​ទី​២២ មិថុនា ១៩៨៦ នៅ​កីឡដ្ឋាន Estadio Azteca ប្រទេស​ម៊ី​ច​ស៊ិ​ក ដែល​ម៉ា​រ៉ា​ដូ​ណា បាន​យកដៃ​វ៉ៃ​បញ្ចូល​ទី អំឡុង​ពេល​ហក់​តែ​តបាល់ ដែល​ធ្វើ​ឲ្យ​អា​ហ្ស​ង់​ទី​ន​យកឈ្នះ​អង់គ្លេស ២-១ ។ គ្រាប់​បាល់​ដែល ម៉ា​រ៉ា​ដូ​ណា យកដៃ​វ៉ៃ​បញ្ចូល​ទី​នៅ​នាទី​ទី​៥១​នាំ​តង់​ទី​២​នោះ ត្រូវ​បាន​ស្តេច​បាល់ទាត់​អា​ហ្ស​ង់​ទី​ន​និង​ពិភពលោក​រូប​នេះ​ថា​ជា​ដៃ​ព្រះ​ជា​ម្ចាស់​ប្រទាន (Hand Of God goal ) ធ្វើ​ឲ្យ​ក្រុម​អង់គ្លេស​និង​ប្រជាពលរដ្ឋ​អង់គ្លេស​ខឹង​និង​ចង​ចាំ​ព្រឹត្តិការណ៍​នេះ​ជា​និច្ច ។​

​ចាប់ពី​ពេល​នោះ​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន គេ​កម្រ​នឹង​ឃើញ​កីឡាករ​អាជីព​ល្បី​ៗ​របស់​ប្រទេស​អា​ហ្ស​ង់​ទី​ន មក​លេខ​នៅ​ក្លឹ​ប​ល្បី​ៗ​របស់​ប្រទេស​អង់គ្លេស​ណាស់ បើ​មាន​ក៍​នៅ​រយៈពេល​ខ្លី​ដែរ ។ ក្រៅពី​មានរឿង​អាស្រូវ​យកដៃ​វ៉ៃ​បញ្ចូល​ទី​អង់គ្លេស​កាលពី​៣៤​ឆ្នាំ​មុន ម៉ា​រ៉ា​ដូ​ណា ក៍​នៅ​មានរឿង​អាស្រូវ​ប្រើប្រា់ស់​គ្រឿងញៀន រហូត​អាជ្ញាធរ​អា​ហ្ស​ង់​ទី​ន​ឃុំខ្លួន​លោក​ផង​ដែរ ។​

យ៉ាងណា​«​អង្រុត​» សូម​ចូលរួម​សោកស្តាយ​និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ​ក្រុម​គ្រួសារ​និង​ប្រជាពលរដ្ឋ​អា​ហ្ស​ង់​ទី​ន​ ដែល​បាន​បាត់បង់​វីរបុរស​លើ​ទីលាន​វាលស្មៅ​របស់​ខ្លួន និង​សូម​ឲ្យ​វិញ្ញាណ​ក្ខ័​ន្ធី​លោក ម៉ា​រ៉ា​ដូ​ណា ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕