ទីបំផុតទៅ កងកម្លាំងការពារព្រំដែនវៀតណាម បានរុះរើតង់ទាំងអស់ដែលខ្លួន(វៀតណាម)បានបោះជាឯកតោភាគីនៅតំបន់មិនទាន់ឯកភាពគ្នា នៅតាមបណ្តោយព្រំដែននៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ។
យ៉ាងណាថ្លែងប្រាប់ប្រព័ន្ឋផ្សព្វផ្សាយក្នុងស្រុកនៅថ្ងៃពុធនេះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និង លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល មិនបានបញ្ជាក់ពីមូលហេតុដែលទាហានវៀតណាមសម្រេចរុះរើតង់ទាំង២៦កន្លែងនោះទេ ខណៈដែលកន្លងមកទាហានព្រំដែនវៀតណាម ក៍ដូចជាអាជ្ញាធរពាក់ព័ន្ឋទាំងអស់របស់វៀតណាម ហាក់បង្ហាញជំហរមិនទាន់សម្រេចរុះរើ បើទោះបីជាអាជ្ញាធរកម្ពុជា ពិសេសក្រសួងការបរទេសកម្ពុជាបានធ្វើកំណត់ទូតតវ៉ាជាច្រើនលើកហើយនោះក្តី ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក៍ដូចជាលោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានគណៈកម្មការកិច្ចការព្រំដែនកម្ពុជា «អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយបញ្ជាក់បន្ថែមបានទេ ជុំវិញវៀតណាមរុះរើតង់ទាំងអស់នៅតាមបណ្តោយព្រំដែនខេត្តកណ្តាលដូចដែលអាជ្ញាធរខេត្តកណ្តាលបញ្ជាក់ខាងលើ ។
យ៉ាងណា ជាការកត់សម្គាល់ ការសម្រេចរុះរើតង់ទាំង២៦កន្លែងដែលទាហានព្រំដែនវៀតណាម បានបោះជាឯកតោភាគីនៅតំបន់មិនទាន់ឯកភាពគ្នានៅតាមព្រំដែនជាប់នឹងស្រុកលើកដែក និងស្រុកកោះធំខេត្តកណ្តាល ដោយហេតុផលជាវិធានការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩នោះ បានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ង្វៀន សួនហ្វុ៊ក បានជួបពិភាក្សាការងារទ្វេភាគីតាមប្រព័ន្ធវីដេអូកាលពីថ្ងៃម្សិលមិញនេះ ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសកម្ពុជាបានបញ្ជាក់ឲ្យដឹងថា ក្នុងជំនួបតាមវីដេអូខនហ្វើរិនកាលពីថ្ងៃទី២៤ វិច្ឆិកា ប្រមុខដឹកនាំរដ្ឋាភិបាលទាំងពីរបានពិភាក្សាអំពីមធ្យោបាយ និងវិធានការនានា ដើម្បីជំរុញបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងពិភពលោក ដែលជាក្ដីកង្វល់ និងផលប្រយោជន៍រួម រាប់បញ្ចូលទាំងកិច្ចសហការក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
ជាមួយគ្នានេះ ភាគីទាំងពីក៍បានសម្ដែងនូវការពេញចិត្តលើការរីកចម្រើនដ៏ល្អប្រសើរ នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាម នាពេលប៉ុន្មានឆ្នាំកន្លងទៅនេះ និងបានឯកភាព ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅ ក្នុងស្មារតីនៃ ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។
សេចក្តីប្រកាសរបស់ក្រសួងការបរទេសដដែល ក៍បានបន្ថែមទៀតថា មេដឹកនាំប្រទេសជិតខាងទាំងពីរ បានក៍ជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេទិស និងបានឯកភាពប្រគល់ភារកិច្ចដល់ក្រសួង-ស្ថាប័ននានា និងអាជ្ញាធរថ្នាក់ខេត្តនៃប្រទេសរៀងៗខ្លួន ធ្វើការឱ្យបានជិតស្និទ្ធជាមួយគ្នា ដើម្បីសម្រួល ដល់ការធ្វើដំណើររបស់ធុរជន ក៏ដូចជាលើកកម្ពស់ការអនុវត្តវិធានការបង្ការ ដើម្បីដោះស្រាយបញ្ហានានា នៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរ ដែលអាចកើតឡើងជាយថាហេតុឱ្យបានទាន់ពេល។
ថ្នាក់ដឹកនាំទាំងពីរក៏បានអះអាងសាជាថ្មីនូវកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ទ្វេភាគីលើវិស័យការពារជាតិ និងសន្តិសុខ ក្នុងទិសដៅធានាសន្តិសុខ និងសណ្ដាប់ធ្នាប់នៅតំបន់ព្រំដែនផងដែរ ៕