កងកម្លាំងយោធាព្រំដែនកម្ពុជា បានធ្វើការចុះរុះរើស្លាកសញ្ញាមីនដែលដាក់ដោយទាហានថៃនៅតាមព្រំដែនស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ការចុះរុះរើពីសំណាក់កងម្លាំងយោធាកម្ពុជាប្រចាំភូមិភាគ៥កាលពីថ្ងៃទី១២ ធ្នូ ២០២០នេះ បានធ្វើឡើងក្រោយពេលផុតឱសានវាទរុះរើហើយ តែថៃមិនរុះរើ ទើបកងកម្លាំងទាហានខ្មែរឈរជើងនៅតំបន់នៅបង្គោលព្រំដែនលេខ៣២-៣៣ ស្ថិតក្នុងភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ចុះរុះរើស្លាកសញ្ញាមីនទាំងអស់ចេញតែម្តង។
កាលពីថ្ងៃទី០៩ ធ្នូ ២០២០ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ បានប្រាប់ឲ្យក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ជូនដំណឹងដល់ភាគីថៃ ឲ្យរុះរើស្លាកសញ្ញាមីនចេញឲ្យអស់ ក្នុងរយៈពេល២ថ្ងៃ គិតចាប់ពីថ្ងៃនេះទៅ។ បើរយៈពេល២ថ្ងៃ មិនធ្វើការរុះរើស្លាកសញ្ញាដោះមីនទេ កម្លាំងឈរជើងនៅទីនោះ នឹងធ្វើការរុះរើដោយខ្លួនឯង ហើយរាល់សកម្មភាពផ្សេងៗ តាមបណ្តោយព្រំដែន សូមភាគីថៃជូនដំណឹងគ្នាទៅវិញទៅមក៕