យួនទើបរុះតង់ ថៃដាក់ស្លាកសញ្ញាមីនម្តង

កងកម្លាំង​យោធា​ព្រំដែន​កម្ពុជា បាន​ធ្វើការ​ចុះ​រុះរើ​ស្លាក​សញ្ញា​មីន​ដែល​ដាក់​ដោយ​ទាហាន​ថៃ​នៅ​តាម​ព្រំដែន​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។​

​ការ​ចុះ​រុះរើ​ពី​សំណាក់​កង​ម្លាំ​ង​យោធា​កម្ពុជា​ប្រចាំ​ភូមិភាគ​៥​កាលពី​ថ្ងៃ​ទី​១២ ធ្នូ ២០២០​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ផុត​ឱសានវាទ​រុះរើ​ហើយ តែ​ថៃ​មិន​រុះរើ ទើប​កងកម្លាំង​ទាហាន​ខ្មែរ​ឈរជើង​នៅ​តំបន់​នៅ​បង្គោល​ព្រំដែន​លេខ​៣២-៣៣ ស្ថិត​ក្នុងភូមិ​សាមគ្គី ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ចុះ​រុះរើ​ស្លាក​សញ្ញា​មីន​ទាំងអស់​ចេញ​តែ​ម្តង​។​

​កាលពី​ថ្ងៃ​ទី​០៩ ធ្នូ ២០២០ ឧត្តមសេនីយ៍ទោ សេង ធា​រិ​ន មេបញ្ជាការ​រង និង​ជា​នាយសេនាធិការ​យោធភូមិ​ភាគ​ទី​៥ បាន​ប្រាប់​ឲ្យ​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ជូនដំណឹង​ដល់​ភាគី​ថៃ ឲ្យ​រុះរើ​ស្លាក​សញ្ញា​មីន​ចេញ​ឲ្យ​អស់ ក្នុង​រយៈពេល​២​ថ្ងៃ គិត​ចាប់ពី​ថ្ងៃនេះ​ទៅ​។ បើ​រយៈពេល​២​ថ្ងៃ មិន​ធ្វើការ​រុះរើ​ស្លាក​សញ្ញា​ដោះ​មីន​ទេ កម្លាំង​ឈរជើង​នៅ​ទីនោះ នឹង​ធ្វើការ​រុះរើ​ដោយ​ខ្លួនឯង ហើយ​រាល់​សកម្មភាព​ផ្សេង​ៗ តាម​បណ្តោយ​ព្រំដែន សូម​ភាគី​ថៃ​ជូនដំណឹង​គ្នា​ទៅ​វិញ​ទៅ​មក​៕