លោក ហ៊ុន សែន ជឿថាលោកមានបារមី ទើបកាន់តំណែងបានយូរ

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថ្លែង​ហាក់​មាន​ជំនឿ​ថា​ខ្លួន​លោក​មាន​បារមី ទើប​កាន់​តំណែង​បាន​យូរ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​នាយក​រដ្ឋមន្ត្រី​នៅ​ស្រុក​ខ្មែរ​ខាងលើ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ពាក់​ព័​ន្ឋ​នឹង​បញ្ហា​ជំងឺ​កូ​វី​ដ​១៩ នា​ព្រឹក​ថ្ងៃ​ទី​១៥ ធ្នូ ២០២០​នេះ ។​

​យ៉ាងណា ក្រៅពី​ការ​លើក​ឡើង​ហាក់​ថា​ខ្លួន​លោក​បារមី លោក​ក៍​មិន​ភ្លេច​បញ្ជាក់​ថា​លោក​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ដើម្បី​ដឹកនាំ​ប្រទេស​នោះ​ដែរ ។​

​បើ​តាម​លោក ហ៊ុន សែន គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ពិបាក​នរណា​យកឈ្នះ​ណាស់ ព្រោះ​មាន​បណ្ឌិត​ច្រើន​ណាស់ ហើយ​ថា​គ្រាន់តែ​នៅ​ក្នុង​គ្រួសារ​របស់​លោក មាន​បញ្ញវន្ត​ជាង​១០​នាក់​ទៅ​ហើយ ដែល​ពួក​គេ​(​កូនចៅ​របស់​លោក​)​សុ​ទ្ឋ​តែ​រៀន​ចប់​ថ្នាក់ឧត្តម​សិក្សា​និង​ក្រោយ​ឧត្តម​សិក្សា​។​

​ដោយ​រំ​ឮ​ក ពី​ការ​កាន់​តំណែង​យក​រដ្ឋមន្ត្រី​នៅ​កម្ពុជា​រាប់​តាំងពី​សម័យ​សង្គមរាស្ត្រនិយម សាធារណរដ្ឋ​ខ្មែរ​របស់​លោក លន់ ន​ល់ សម័យ​ខ្មែរក្រហម លោក ហ៊ុន សែន ក៍រំ​ឮ​ក​ពី​ឈ្មោះ​លោក ប៉ែន សុវណ្ណ កាន់​តំណែង​បាន​ប្រមាណ​៥​ខែ លោក ចាន់ ស៊ី ប្រមាណ​២​ឆ្នាំ​កន្លះ គឺ​លោក​កាន់​តំណែង​យូរ​ជាងគេ​តាំងពី​ឆ្នាំ​១៩៨៥​រហូត​មក​ទល់​នឹង​ពេល​នេះ ។​

​បើ​ទោះបីជា​លោក ហ៊ុន សែន មិន​បាន​លើក​ចំ​ឈ្មោះ​អ្នក​ដែល​ចង់​កាន់​តំណែង​នាយក​រដ្ឋមន្ត្រី​យ៉ាងណា​ក្តី ក៍​ក្រុម​អ្នក​តាមដាន​នយោបាយ​និង​មជ្ឈដ្ឋាន​នានា​មួយ​ចំនួន បាន​មើលឃើញ​ថា លោក​ប្រមុខ​រាជរដ្ឋាភិបាល​សំដៅ​ទៅ​ដៃគូ​ប្រកួតប្រជែង​នយោបាយ​ចាស់វស្សា​របស់​លោក នោះ​គឺ​លោក សម រ​ង្ស៊ី ដែល​កំពុង​តែ​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស ។ នៅ​ក្នុង​ការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​និង​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​ជា​ច្រើន​ទៀត នា​ព្រឹក​មិ​ញ​នេះ លោក ហ៊ុន សែន ក៍បាន​ថ្លែង​ដែរ​ថា អ្នក​ដែល​ចង់​អង្គុយ​កៅអី​ជំនួស​តំណែង​របស់​លោក ត្រូវ​មើល​ខ្លួនឯង​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ឬ​នៅ ពិសេស​មាន​បារមី​ឬ​អត់ លោក​ថា​ជឿ​ទៅ​អាគម​ផ្សំ​អាយុ បើ​គ្មាន​បារមី​ទេ ក្រែង​អង្គុយ​មិន​បាន​យូរ​ដូច​លោក ៕