រាជធានីភ្នំពេញ ៖ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសជាផ្លូវការ អនុញ្ញាតឲ្យសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០១៩-២០២០ ជាប់ស្វ័យប្រវត្តិ ពោលគឺមិនចាំចាប់ឆ្លងកាត់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នោះទេ ។
ការសម្រេចបែបនេះ ក្នុងឱកាសលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ថ្លែងសារទៅកាន់ជនរួមជាតិ ដោយអះអាងថា មូលហេតុដែលជ្រើសរើសមធ្យោបាយនេះ ព្រោះកម្ពុជា ជួបប្រទះនូវវិបត្តិជំងឺកូវីដ-១៩ និងដើម្បីការពារការចម្លងជំងឺដ៏កាចសាហាវនេះ ។ ហើយក៏មិនខ្វល់ពីការប្រមាថមើលងាយរបស់មនុស្សមួយចំនួនតូចនោះទេ ព្រោះគ្មានជម្រើសណាផ្សេងល្អជាងនេះឡើយ ។
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន សង្កត់ធ្ងន់ថា មិនទុកឲ្យមនុស្សផ្សេងទៀតឆ្លងជំងឺកូវីដ-១៩ ចេញពីការរៀបចំប្រឡងបាក់ឌុបនោះទេ ហើយនេះបង្ហាញពីការទទួលខុសត្រូវ ក្នុងនាមជានាយករដ្ឋមន្ដ្រីនៃកម្ពុជា ។
សូមជម្រាបថា បេក្ខជនដែលបានដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០១៩-២០២០នេះ មានចំនួនជាង ១២១,១០៨នាក់ (ស្រី៦៣,៩០៨នាក់) ៕