ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ពលករ​ខ្មែរ​ហាម​ចល័ត​ចេញ​-​ចូល តំបន់​មានការ​រីក​រាលដាល​កូ​វី​ដ​-១៩

រាជធានី​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២២ ខែ ធ្នូ ឆ្នាំ​២០២០ ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ប្រទេស​ថៃ អំពាវនាវ ដល់​ពលករ​ខ្មែរ​ចល័ត ចេញ​-​ចូល តំបន់​ដែល​មានការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ខណៈ​ដែល​ពេល​នេះ​មាន​ករណី​ឆ្លង​ចូល​ក្នុង​សហគមន៍ ។

ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បន្ត​ថា «​ដើម្បី​គ្រប់គ្រង និង​ការពារ​មិន​ឱ្យ​មានការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ទៅ​លើ​ពលករ​បរទេស​ទាំងអស់ ដែល​ជា​ហេតុ​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​អាយុជីវិត និង​សុខភាព​អនាម័យ​របស់​ប្រជាពលរដ្ឋ ក្រសួង​ការងារ​ថៃ បាន​ចេញ​សេចក្តី​ប្រកាស​ស្នើ​សុំ​កិច្ចសហការ​ពី​និយោជក រោងចក្រ​សហគ្រាស និង​ក្រុមហ៊ុន​នានា​គ្រប់​ទីកន្លែង​នៅ​ក្នុង​ប្រទេស​ថៃ ត្រូវ​អនុវត្ត​ដូច​ជា ការ​ណែនាំ​ដូច​បាន​រៀបរាប់​ខាងក្រោម​»​។
ត្រូវ​មាន​វិធានការ​ការពារ​និង​ត្រួតពិនិត្យ ដូច​ជា ៖

*​វាស់​កម្តៅ​ពលករ​បរទេស បើ​មាន​កម្ដៅ​លើស ឬ​មាន​អាកា​រៈ​ខុស​ប្រក្រតី ដូច​ជា ក្អក ពិបាក​ដកដង្ហើម គួរ​ឱ្យ​ពលករ នោះ​សម្រាក​ពី​ការងារ​និង​ប្រញាប់​រួសរាន់​ជូនដំណឹង​ដល់ទី​ភ្នាក់ងារ​សុខាភិបាល​ដើម្បី​អនុវត្ត​វិធានការ​ច​ត្តា​ឡី​ស័ក​ភ្លាម​ៗ​។
*​រៀបចំ​អាល់កុល​សម្រាប់​លាងដៃ នៅ​តាម​ទីកន្លែង​ធ្វើការ ច្រក​ទ្វារ​ចេញ​-​ចូល និង​តាម​បន្ទប់ទឹក​។
*​តម្រូវ​ឱ្យ​ពលករ​បរទេស​ត្រូវ​ពាក់​ម៉ាស់ ពាក់​ស្រោមដៃ និង​រក្សា​គម្លាត​ពី ១-២​ម៉ែត្រ ក្នុង​កំឡុង​ពេល​បំពេញការងារ ព្រមទាំង​ថែរក្សា និង​សម្អាត​ឧបករណ៍​ដែល​ប្រើ ប្រាស់​ជា​ប្រចាំ​។
*​ផ្សព្វផ្សាយ និង​ពន្យល់​ណែនាំ​ពលករ​បរទេស​ឱ្យ​យល់​ដឹង​ពី​វិធី​ការពារ​ខ្លួន​ពី​ជំងឺ​កូ​វី​ដ​-១៩ ដោយ​ខ្លួនឯង​។

ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បាន​បន្ថែម​ថា សូម​បងប្អូន​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ទាំងអស់ មេត្តា​បន្ត​ចូលរួម​សហការ និង​អនុវត្ត​នូវ​វិធានការ​នានា​របស់​រាជរដ្ឋាភិបាល​ថៃ​ឱ្យ​បាន​ខ្ជាប់ខ្ជួន មាន​ប្រសិទ្ធិ​ភាព​ខ្ពស់ និង​សូម​រក្សា​សុខភាព​អនាម័យ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ បន្ត​ទៀត​។ ក្នុង​ករណី​បងប្អូន​មាន​បញ្ហា សូម​ទំនាក់ទំនង​មក​កាន់​ស្ថានទូត​ជា​បន្ទាន់ ៕