ក្រសួងថាមិនដែលអនុញ្ញាតឲ្យនាំស៊ុតចូលនិងថាពងទាថោកដោយសារកូវីដ១៩

ឆ្លើយ​តប​ទៅ​នឹង​អ្នក​ប្រកប​របរ​ចិញ្ចឹម​បក្សី​យក​ស៊ុត​ដែល​រអ៊ូរទាំ​ករណី​ស៊ុតទា (​ពង​ទា​) ចុះថ្លៃ​ក្រោម​៣០០​រៀល​ក្នុង​១​គ្រាប់​នោះ ក្រសួងកសិកម្ម​បាន​ពន្យល់​ថា ដោយសារ​ពលរដ្ឋ​ផ្អាក​ការ​ជួបជុំ​ចូលរួម​ក្នុ​កម្មវិធី​ផ្សេង​ៗ ព្រោះតែ​ជំងឺ​កូ​វី​ដ​១៩ និង​រដូវ​នេះ​ជា​រដូវ​ត្រី ដូច្នេះ​ពលរដ្ឋ​មួយ​ចំនួន​ងាក​មក​ហូប​ត្រី និង​ការ​ចិញ្ចឹម​បក្សី​យក​ស៊ុត​មានការ​កើនឡើង ។​

​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​ចុះ​ថ្ងៃ​ទី​២១ ធ្នូ ២០២០ ក៍បាន​ឆ្លើយ​តប​ជុំវិញ​ការ​លើក​ឡើង​អំពី​ការ​ធ្លាក់​ថ្លៃ​ពង​ទា​ដោយសារ​ការ​នាំ​ចូល​ស៊ុត​ពី​ប្រទេស​ជិតខាង​នោះ ក្រសួង​ក៍បាន​បញ្ជាក់​ដែរ​ថា អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ក៍​ដូច​ជា​ក្រសួងកសិកម្ម​ពុំដែល​អនុញ្ញាត​ឲ្យ​មានការ​នាំ​ចូល​ស៊ុត​ពី​ប្រទេស​ជិតខាង ពិសេស​ប្រទេស​វៀតណាម​ចូល​មក​ទីផ្សារ​កម្ពុជា​នោះ​ទេ ៕