ឆ្លើយតបទៅនឹងអ្នកប្រកបរបរចិញ្ចឹមបក្សីយកស៊ុតដែលរអ៊ូរទាំករណីស៊ុតទា (ពងទា) ចុះថ្លៃក្រោម៣០០រៀលក្នុង១គ្រាប់នោះ ក្រសួងកសិកម្មបានពន្យល់ថា ដោយសារពលរដ្ឋផ្អាកការជួបជុំចូលរួមក្នុកម្មវិធីផ្សេងៗ ព្រោះតែជំងឺកូវីដ១៩ និងរដូវនេះជារដូវត្រី ដូច្នេះពលរដ្ឋមួយចំនួនងាកមកហូបត្រី និងការចិញ្ចឹមបក្សីយកស៊ុតមានការកើនឡើង ។
សេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទចុះថ្ងៃទី២១ ធ្នូ ២០២០ ក៍បានឆ្លើយតបជុំវិញការលើកឡើងអំពីការធ្លាក់ថ្លៃពងទាដោយសារការនាំចូលស៊ុតពីប្រទេសជិតខាងនោះ ក្រសួងក៍បានបញ្ជាក់ដែរថា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៍ដូចជាក្រសួងកសិកម្មពុំដែលអនុញ្ញាតឲ្យមានការនាំចូលស៊ុតពីប្រទេសជិតខាង ពិសេសប្រទេសវៀតណាមចូលមកទីផ្សារកម្ពុជានោះទេ ៕