មន្ត្រីកងយោធពលខេមរភូមិន្ទម្នាក់ ដែលគេមិនស្គាល់អត្តសញ្ញាណ គ្រាន់តែនៅលើស្មាគ្រងឯកសណ្ឋានកងយោធពលខេមរភូមិន្ទគឺមានឋានន្តរស័ក្តិវរៈសេនីយ៍ឯក(ស័ក្តិ៥) បានរងការរិះគន់ពីមជ្ឈដ្ឋានមួយចំនួន បន្ទាប់ពីលោកស័ក្តិ៥រូបនោះបានដើរការពារនិងបើកទ្វាររថយន្តឲ្យជនជាតិចិន ។
យ៉ាងណា គេមិនដឹងថា តើរូបភាពដែលគេចែកចាយបន្តគ្នានៅលើបណ្តាញសង្គមហ្វេសប៊ុកនេះ បានកើតឡើងតាំងពីពេលណានោះទេ តែអ្នកតាមដានមួយចំនួនបាននិយាយថា ជារូបភាពចាស់អំឡុងពេលជនជាតិចិនមានវត្តមានច្រើន និងរាជរដ្ឋាភិបាលមិនទាន់បិទល្បែងហ្គេមតាមអនឡាញម្ល៉េះ ។
បើទោះបីជាយ៉ាងណា អ្នកដែលឃើញរូបភាពនេះ បានសម្តែងការមិនសប្បាយចិត្តដោយសារក្នុងតួនាទីជាមន្ត្រីកងយោធពលខេមរភូមិន្ទ គ្រងឯកសណ្ឋាននិងពាក់ស័ក្តិនៅលើស្មា មិនគួរមានសកម្មភាពហាក់ធ្វើជាអង្គរក្សនិងកាងជនជាតិចិននោះទេ តែបើដោះឯកសណ្ឋានចេញ វាមិនសូវអាក្រក់មើលពេកនោះដែរ ។ ម្យ៉ាងទៀត បើជនជាតិទាំងនោះជាគណៈប្រតិភូណាមួយដែលមកបំពេញការងារ ក៍មិនរងការរិះគន់ដែរ ។
នៅយប់ថ្ងៃទី២៧ ធ្នូ ២០២០ «អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយតាមទូរសព្ទបានទេពីលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ ជុំវិញរូបភាពដែលគេបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកខាងលើនេះ ៕