រូបភាពទាហានស័ក្តិ៥បើកទ្វារឡានឲ្យចិនបង្កការរិះគន់

មន្ត្រី​កង​យោធពលខេមរភូមិន្ទ​ម្នាក់ ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ គ្រាន់តែ​នៅ​លើ​ស្មា​គ្រង​ឯកសណ្ឋាន​កង​យោធពលខេមរភូមិន្ទ​គឺ​មាន​ឋានន្តរស័ក្តិ​វរៈសេនីយ៍ឯក​(​ស័ក្តិ​៥) បាន​រង​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​មួយ​ចំនួន បន្ទាប់​ពី​លោក​ស័ក្តិ​៥​រូប​នោះ​បាន​ដើរ​ការពារ​និង​បើកទ្វារ​រថយន្ត​ឲ្យ​ជនជាតិ​ចិន ។​

​យ៉ាងណា គេ​មិនដឹង​ថា តើ​រូបភាព​ដែល​គេ​ចែកចាយ​បន្ត​គ្នា​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នេះ បាន​កើតឡើង​តាំងពី​ពេល​ណា​នោះ​ទេ តែ​អ្នក​តាមដាន​មួយ​ចំនួន​បាន​និយាយ​ថា ជា​រូបភាព​ចាស់​អំឡុង​ពេល​ជនជាតិ​ចិន​មាន​វត្តមាន​ច្រើន និង​រាជរដ្ឋាភិបាល​មិន​ទាន់​បិទ​ល្បែង​ហ្គេ​ម​តាម​អន​ឡាញ​ម្ល៉េះ ។​

​បើ​ទោះបីជា​យ៉ាងណា អ្នក​ដែល​ឃើញ​រូបភាព​នេះ បាន​សម្តែង​ការ​មិន​សប្បាយចិត្ត​ដោយសារ​ក្នុង​តួនាទី​ជា​មន្ត្រី​កង​យោធពលខេមរភូមិន្ទ គ្រង​ឯកសណ្ឋាន​និង​ពាក់​ស័ក្តិ​នៅ​លើ​ស្មា មិន​គួរ​មាន​សកម្មភាព​ហាក់​ធ្វើ​ជា​អង្គរក្ស​និង​កាង​ជនជាតិ​ចិន​នោះ​ទេ តែបើ​ដោះ​ឯកសណ្ឋាន​ចេញ វា​មិនសូវ​អាក្រក់​មើល​ពេក​នោះ​ដែរ ។​ ម្យ៉ាងទៀត បើជនជាតិទាំងនោះជាគណៈប្រតិភូណាមួយដែលមកបំពេញការងារ ក៍មិនរងការរិះគន់ដែរ ។

​នៅ​យប់​ថ្ងៃ​ទី​២៧ ធ្នូ ២០២០ «​អង្រុត​» មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​តាម​ទូរ​សព្ទ​បាន​ទេពី​លោក ឈុំ សុ​ជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ ជុំវិញ​រូបភាព​ដែល​គេ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ខាងលើ​នេះ ៕