អ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភមហាសាល និងមានងារជា«ឧកញ៉ា» នៅក្នុងស្រុកខ្មែរចំនួន៦រូប ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផ្តល់ដំឡើងគោរមងារជា«អ្នកឧកញ៉ា» ។
នេះបើតាមព្រះរាជក្រឹត្យដែលឡាយព្រះហស្ថលេខាដោយព្រះមហាក្សត្រខ្មែរកាលពីថ្ងៃទី២៦ ធ្នូ ២០២០ និងត្រូវបានគេផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃចន្ទនេះ ។
បើតាមព្រះរាជក្រឹត្យដែលផ្តល់ឡើងតាមសំណើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដដែល«ឧកញ៉ា» ទាំង៦រូបដែលឡើងងារជា«អ្នកឧកញ៉ា»នោះរួមមាន៖ ឧកញ៉ា លី ហួរ , សៀ ប្ញទ្ឋី, សំ អាង , ឈុន លាង , ហូលិក តាន់ឌីហ្សូណូ និងឧកញ៉ា សំអាង វឌ្ឍនៈ ។
គួរកត់សម្គាល់ថា តាំងពីជាង២០ឆ្នាំមុន ពោលគឺចាប់តាំងពីឆ្នាំ១៩៩៤មក ដើម្បីបានទទួលគោរមងារជា ឧកញ៉ា សប្បុរសជនតម្រូវឲ្យធ្វើអំណោយជូនរដ្ឋត្រឹមតែ១០ម៉ឺនដុល្លារឡើងទៅតែប៉ុណ្ណោះ ប៉ុន្តែយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដែលចុះហត្ថលេខាដោយលោក ហ៊ុន សែន កាលពីថ្ងៃទី២០ មីនា ២០១៧ ដើម្បីទទួលបានគោរមងារជា «ឧកញ៉ា» សប្បុរសជនត្រូវធ្វើអំណោយជូនរដ្ឋដែលមានតម្លៃលើសពី៥០ម៉ឺនដុល្លារអាមេរិកឡើងទៅ។
សូមជម្រាបជូនថា បើតាមការស្រាវជ្រាវ ចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០០៤ កម្ពុជាមានឧកញ៉ាយ៉ាងហោចណាស់២០០នាក់។ រហូតដល់ឆ្នាំ ២០០៩ ចំនួនឧកញ៉ាបានកើនឡើងដល់៤០០នាក់ និងបន្តកើនឡើងដល់ប្រមាណ៧០០នាក់ គិតត្រឹមដើមឆ្នាំ២០១៤៕