ខេត្តមណ្ឌលគិរី ៖ ជម្លោះដីធ្លីរបស់អ្នកចម្រៀង ព្រាប សុវត្ថិ នៅខេត្តមណ្ឌលគិរី ត្រូវបានសម្របសម្រួលបញ្ចប់ជម្លោះ ១កន្លែងហើយ ប៉ុន្តែនៅដី១កន្លែងទៀត មិនទាន់ដោះស្រាយចេញនៅឡើយទេ ។
នេះបើតាមលិខិតរបស់លោក ព្រាប សុវត្ថិ ដែលផ្សព្វផ្សាយដោយលោកជំទាវ ម៉ែន សំអន កាលពីថ្ងៃទី២៦ ខែធ្នូ ២០២០ លើកឡើងថា ករណីវិវាទដីធ្លីរវាងរូបលោក ព្រាប សុវត្ថិ និងលោក យឹម លុច្ស សមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគិរី លើផ្ទៃដីទំហំ ១៥,៦៣៤ ហិកតា នៅភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ត្រូវបានលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានសម្របសម្រួលបញ្ចប់ហើយ តាមនយោបាយឈ្នះឈ្នះ ។
លោក ព្រាប សុវត្ថិ បានលើកឡើងថា គណៈប្រតិភូរបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអង្កេតស្រាវជ្រាវ លើករណីវិវាទដីរបស់លោក ដោយឈរលើគោលការណ៍តម្លាភាព និងយុត្តិធម៌ ដែលធ្វើឲ្យគូភាគីទាំងពីរ ទទួលយកនូវលទ្ធផលនៃការសម្របសម្រួលរបស់លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ។
ក៏ប៉ុន្តែក្នុងលិខិតដដែលនេះលោក ព្រាប សុវត្ថិ បានបញ្ជាក់ថា «ដោយឡែក ករណីវិវាទដីធ្លី ដែលមានទំហំប្រមាណ ១៩៣២៩០ ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី រវាងរូបខ្ញុំបាទ ជាមួយឯកឧត្តម ម៉ៅ ធនារក្ស ជាសមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគិរី គឺកំពុងស្ថិតនៅក្នុងនីតិវិធីនៃការអង្កេតស្រាវជ្រាវរបស់ថ្នាក់ក្រុង និងខេត្តនៅឡើយ។ ករណីវិវាទនេះ គឺនៅពុំទាន់មានដំណោះស្រាយ និងលទ្ធផលនៅឡើយទេ» ៕