ឃាត់ខ្លួន​ស្រី​ស្អាត​ម្នាក់ លក់​អន​ឡាញផលិតផល CTM ឆបោក​ប្រាក់​ជិត​១​លាន​ដុល្លារ

រាជធានី​ភ្នំពេញ ៖ លោក​វរសេនីយ៍ឯក ប៉ុ​ល និល​ឯក នាយការិយាល័យ​អនុវត្ត​ដីកា នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បាន​បង្ហើប​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​ជំនាញ​របស់​លោក​បាន​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​អតីត​ជា​អ្នកលក់​ផលិតផល​តាម​អន​ឡាញ ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់​ពី​អតិថិជន​ចំនួន​ជិត​១​លាន​ដុល្លារ​អា​មេ​រិ​ក មក​ដល់​ពេល​នេះ សមត្ថកិច្ច​បាន និង​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ។

កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២០ បាន​ចាប់ខ្លួន​ស្ដ្រី​ម្នាក់​ឈ្មោះ ណើ ចាន់​ត្រា ជា​អតីត​តំណាង​លក់​ផលិតផល CTM (​គ្រឿងសំអាង​) របស់​លោកស្រី ទ្រី ដា​ណា ពី​បទ​ឆបោក តាម​ពាក្យបណ្ដឹង​កូនក្រុម​ចំនួន​១២​នាក់ ដោយ​ប្រមូល​លុយ​បាន​ជាង​១​លាន​ដុល្លារ ដែល​បុគ្គល​រូប​នេះ បាន​យកឈ្មោះ​លោកស្រី ទ្រី ដា​ណា ទៅ​ឆបោក​លុយ​កូន​តំណាង​បន្ដ​ទៀត ។

ការ​ចាប់ខ្លួន​នេះ​ធ្វើ​ឡើង តាម​ដីការ​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​លោក គុ​ជ គី​ម​ឡុ​ង ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ពាក្យបណ្ដឹង​បទ ឆបោក ដោយ​តម្រូវ​ឲ្យ​ចូល​កាលពី​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២០ ប៉ុន្ដែ​មិន​បាន​ចូលខ្លួន ។ ដីការ​នេះ​បាន​បញ្ជូន​ទៅ​កាន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដើម្បី​ប្រើប្រាស់​កម្លាំង​ឃាត់ខ្លួន​ជាក់ស្ដែង បើ​នៅ​តែ​រឹងរូស​មិន​ចូលខ្លួន​។

រហូត​ដល់​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២០ កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ចាត់វិធានការ​ណ៍​តាម​ផ្លូវច្បាប់ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ ណើ ចាន់​ត្រា ស្ថិត​នៅ​បូ​រី​ពិភព​ថ្មី​២ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដើម្បី​បញ្ជូន​ទៅ​កាន់​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕