កម្ពុជាបាននាំចូលបង្គារពីប្រទេសជិតខាងរបស់ខ្លួនគឺវៀតណាម និង ថៃ ក្នុងមួយឆ្នាំ១៣៣៥តោន ។
នេះបើយោងតាមលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់និងនេសាទ ដែលប្រាប់ស៊ីស៊ីថាមស៍ ចេញផ្សាយនៅថ្ងទី២៨ ធ្នូ ២០២០នេះ ។
ការលើកឡើងរបស់លោកប្រមុខកសិកម្មស្រុកខ្មែរខាងលើនេះ បានធ្វើឡើងតបទៅនឹងសំណួរដែលចោទសួរអំពីថាតើកម្ពុជានឹងបិទការនាំចូលគ្រឿងសមុទ្រពីថៃ ដែលជាវិធានការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ ខណៈដែលប្រទេសឡាវក្បែរខាងកម្ពុជាបានបិទការនាំចូលគ្រឿងសមុទ្រពីប្រទេសថៃបណ្តោះអាសន្ននោះ ។
បើតាម លោក វេង សាខុន គិតមកដល់ពេលនេះ កម្ពុជាមិនទាន់ពិចារណាការហាមឃាត់នាំចូលគ្រឿងសមុទ្រពីថៃនៅឡើយនោះទេ លុះត្រាតែមានតេស្តពីក្រសួងសុខាភិបាលកម្ពុជា នោះទើបខាងក្រសួងកសិកម្មចាត់វិធានការភ្លាមៗ។
លោករដ្ឋមន្ត្រីបានបន្តថា ជាធម្មតា កម្ពុជានាំចូលបង្គារទាំងពីរប្រទេសមានវៀតណាម និងថៃប្រហែលជា១៣៣៥តោនក្នុងមួយឆ្នាំ ប៉ុន្តែក្នុងរយៈពេលមួយខែនេះ ដោយសារក្រសួងមានវិធានការជន់ជោរនូវផលិតផលវារីវប្បកម្មត្រូវផ្អាកមួយខែបិទការនាំចូលកន្លងទៅនេះ។
យោងតាមរបាយការណ៍ការនាំចេញគ្រឿងសមុទ្រពីថៃមកកម្ពុជាបានឲ្យដឹងថា នៅក្នុងឆ្នាំ២០២០នេះ ប្រទេសថៃបាននាំចេញគ្រឿងសមុទ្រមកកម្ពុជាគិតជាទឹកប្រាក់ប្រមាណជាង១៨លានដុល្លារអាមេរិក ដែលមានការកើនឡើង១៥.៥%៕