ថ្ងៃនេះ កម្ពុជាចាប់ផ្តើមបូមប្រេងលើកដំបូងជាប្រវត្តិសាស្រ្ត

ដំណក់​ប្រេង​លើក​ដំបូង​របស់​កម្ពុជា​នឹង​ចាប់ផ្តើម​ផលិត​ចេញពី​អណ្តូងប្រេង​ទី​១ ឈ្មោះ A-0ID នៃ ផ្លា​ត​ហ្វ​ម A នៅ​ក្នុង​ប្លុក​នៃ​ឈូង​សមុទ្រ​កម្ពុជា នៅ​ថ្ងៃ​ទី​២៩​ធ្នូ ឆ្នាំ​២០២០ ។​

​នេះ​បើ​យោង​តាម​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​សរសេរ​បង្ហោះ​នៅ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​លោក​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ធ្នូ ២០២០ ។

បើ​តាម លោក ហ៊ុន សែន ដំណក់​ប្រេង​លើក​ដំបូង​របស់​កម្ពុជា​នឹង​ចាប់ផ្តើម​ផលិត​ចេញពី​អណ្តូងប្រេង​ទី​១ ឈ្មោះ A-0ID នៃ ផ្លា​ត​ហ្វ​ម A នៅ​ក្នុង​ប្លុក​នៃ​ឈូង​សមុទ្រ​កម្ពុជា ។​

​គេ​នៅ​ចាំ​បាន​ថា កាលពី​៨​ឆ្នាំ​មុន លោក ហ៊ុន សែន ធ្លាប់​បាន​ប្រកាស​ជា​សាធារណៈ​ថា កម្ពុជា​នឹង​ឃើញ​ដំណក់​ប្រេង​របស់​ខ្លួន​លើក​ដំបូង​នៅ​ម៉ោង​១២ ថ្ងៃ​ទី​១២ ខែ​១២ ឆ្នាំ​២០១២ ប៉ុន្តែ​នៅ​ហ្វេ​ស​ប៊ុ​ក លោកនាយក​រដ្ឋមន្ត្រី បាន​ពន្យល់​ពី​មូលហេតុ​នៃ​ការ​ពន្យារពេល​បូម​ប្រេង​រហូត​មក​ទល់​នឹង​ថ្ងៃនេះ​យ៉ាង​ដូច្នេះ​«​កិច្ចព្រម​​ព្រៀង​ប្រេងកាត​ដំបូង​ត្រូវ​បាន​ចុះ​នៅ​ឆ្នាំ ២០០២ ជាមួយ​សម្ព័ន្ធ​ក្រុមហ៊ុន មាន​ក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LG Caltex Oil Corporation, Moeco Cambodia Co., Ltd. និង KrisEnergy) ។ សម្ព័ន្ធ​ក្រុមហ៊ុន​នេះ​ដឹកនាំ​ដោយ​ក្រុមហ៊ុន Chevron របស់​អា​មេ​រិ​ក​។ នៅ​ឆ្នាំ ២០១០ ក្រុមហ៊ុន​Chevron បាន​ប្រកាស​រក​ឃើញ​ជម្រក​រ៉ែ​ប្រេង​មាន​លក្ខណៈ​ពាណិជ្ជកម្ម ជា​លើក​ដំបូង​របស់​កម្ពុជា និង​បាន​កសាង​គម្រោង​ផែនការ​អភិវឌ្ឍ​និង​អាជីវកម្ម ដើម្បី​ស្នើ​សុំ​រាជរដ្ឋាភិបាល​ពិនិត្យ​និង​សម្រេច​។ តាម​ផែនការ​នោះ ផលិតកម្ម​ប្រេង​ដំបូង​គ្រោង​នឹង​ចាប់ផ្តើម​នៅ​អំឡុង​ខែធ្នូ​ឆ្នាំ​២០១២​។ ប៉ុន្តែ​ដោយ​ការ​ពិនិត្យ​លក្ខណៈ​បែងចែក​ផល​សេដ្ឋកិច្ច និង​ស​ង្គ​ត​ភាព​ច្បាប់​ពាក់ព័ន្ធ​និង​ផែនការ​អភិវឌ្ឍ​និង​អាជីវកម្ម​ស្នើ​ឡើង​ដោយ​ក្រុមហ៊ុន Chevron នៅ​ពេល​នោះ បាន​តម្រូវ​ឲ្យ​ភាគី​ទាំង​ពីរ​ត្រូវ​ចរចារ​កែសម្រួល​លក្ខខណ្ឌ​កិច្ចព្រមព្រៀង​មួយ​ចំនួន​ឡើង​វិញ ដើម្បី​ឲ្យ​មាន​ស​ង្គ​ត​ភាព​ជាមួយ​បទ​ប្បញ្ញត្តិ​ច្បាប់​កម្ពុជា​ផង និង​មាន​សមធម៌​កាន់តែ​ប្រសើរ​នៅ​ក្នុង​ការ​បែងចែក​ផល​សេដ្ឋកិច្ច​ពី​ផែនការអាជីវកម្ម​នេះ​ផង ដំណើរការ​អនុវត្ត​តាម​ផែនការ​ផលិត​ប្រេង​នៅ​ខែធ្នូ​២០១២​ក៏​ត្រូវ​បាន​រាំងស្ទះ​មិន​អាច​អនុវត្ត​បាន​។​

ការ​ចរចារ​កិច្ចព្រមព្រៀង​ប្រេងកាត​ក៏​ត្រូវ​បាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​ស្វិតស្វាញ​រវាង​ភាគី​ទាំង​ពីរ (​រាជរដ្ឋាភិបាល​និង​ក្រុមហ៊ុន​) ទាំង​លើ​ទិដ្ឋភាព​ច្បាប់ បច្ចេកទេស និង​សេដ្ឋកិច្ច ។ នៅ​ក្នុង​រយៈពេល​ចរចារ​ដ៏​តឹងតែង​នេះ ក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LGCaltex Oil Corporation និង​ក្រុមហ៊ុន Mocco Cambodia Co., Ltd. បាន​ស្នើ​សុំ​ដកខ្លួន​ចេញ​បន្តបន្ទាប់​គ្នា នៅ​ឆ្នាំ ២០១៤ និង​២០១៦​។ ការ​ចរចារ​ត្រូវ​បាន​បន្ត​អូស​បន្លាយពេល​យ៉ាង​យូរ​តាំងពី​ឆ្នាំ ២០១០ រហូត​ដល់​ថ្ងៃ​ទី​២៣ ខែសីហា​ឆ្នាំ ២០១៧ ទើប​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​ថ្មី និង​គម្រោង​ផែនការ​អភិវឌ្ឍ​និង​អាជីវកម្ម​អណ្តូងប្រេង​ថ្មី​ដែល​បើកផ្លូវ​ឲ្យ​ដំណើរការ​សាងសង់​និង​អភិវឌ្ឍ​ផ្លា​ត​ហ្វ​ម​អណ្តូងប្រេង​អាច​ចាប់ផ្តើម​បាន​។​

​ក្រៅពី​ការ​លើក​ឡើង​ថា ការ​បូម​ប្រេង​លើក​ដំបូង​របស់​ខ្លួន គាប់​ជួន​ជាមួយ​ថ្ងៃ​ខួប​លើក​ទី​២២ នៃ​ការ​បញ្ចប់​សង្គ្រាម​​នាំ​មក​នូវ​ការ​ឯកភាព​ជាតិ ឯកភាព​ទឹកដី តាម​រយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ (២៩​ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០)​របស់​លោក លោក ហ៊ុន សែន ក៍​ចាត់​ទុក​ការ​ឃើញ​ដំណក់​ប្រេង​លើក​ដំបូង​ជា​ប្រវត្តិសាស្ត្រ​នេះ​ថា​ជា​«​ពរ​ជ័យ​សម្រាប់​ប្រជាជន​និង​ប្រទេស​ជាតិ មិនមែន​ជា​បណ្តាសារ​ដូច​ការ​លើក​ឡើង​របស់​ជន​អគតិ​មួយ​ចំនួន​នោះ​ទេ ។

​កិច្ចព្រមព្រៀង​សម្រាប់​ការ​អភិវឌ្ឍ​អណ្តូង​ប្រេងកាត​នៅ​ប្លុក A ដែល​មាន​ទំហំ​សរុប ៣០៨៣​គីឡូ​ម៉ែត្រការ៉េ ត្រូវ​រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន Kris Energy ធ្វើការ​ផលិត​លើ​ទំហំ​១៩៨​គីឡូ​ម៉ែត្រការ៉េ ។ តំបន់​ដែល​គេ​អះអាង​ថា​មាន​ប្រេង​នៅ​ប្លុក A គឺ​ស្ថិត​ក្នុង​អាង​សមុទ្រ​កម្ពុជា​ក្នុង​តំបន់​ឈូង​សមុទ្រ​ថៃ ហើយ​វា​មាន​ជម្រៅ​ចន្លោះ​ពី​៥០​ម៉ែត្រ​ទៅ​៨០​ម៉ែត្រ និង​ត្រូវ​បាន​គេ​អះអាង​ថា​អាច​ផលិត​ប្រង​បាន​៧០០០​បារ៉ែល​ក្នុង​មួយ​ថ្ងៃ លើ​ចំណុះ​ប្រេង​សរុប​ដែល​គេ​ប៉ាន​ស្មានថា​មាន​ប្រមាណ​៣០​លាន​បារ៉ែល​នៅ​ក្នុង​ប្លុក A ៕