ប្រជានេសាទខ្មែរមួយចំនួនតូចបានសម្តែងការមិនសប្បាយចិត្តចំពោះអ្នកនេសាទជនជាតិយួនចូលមកនេសាទក្នុងដែនសមុទ្រកម្ពុជា ។
យ៉ាងណា ប្រជានេសាទខ្មែរមួយចំនួនតូចដែលប្រាប់«អង្រុត»កាលពីពេលថ្មីៗនេះ មិនបានបញ្ជាក់ថា តើក្រុមអ្នកនេសាទជនជាតិយួនដែលចូលមកនេសាទក្នុងដែនសមុទ្រខ្មែរម្តុំកោះត្បាល់និងក្បែរៗកោះទន្សាយទាំងនោះ ចូលមកស្របច្បាប់ឬក៍យ៉ាងណានោះទេ ? ។
ក្រុមអ្នកនេសាទខ្មែរ បានចោទប្រកាន់ក្រុមនេសាទយួនដែលចូលមកនេសាទក្នុងដែនសមុទ្រខ្មែរថាបានប្រើឧបករណ៍ខុសច្បាប់នោះថែមទៀត ដែលធ្វើឲ្យប៉ះពាល់ដល់ផលនេសាទរបស់ខ្មែរ ។
នៅព្រឹកថ្ងៃទី១០ មករា ២០២១នេះ «អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយនិងបំភ្លឺតបបានទេពីអ្នកនាំពាក្យនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ក៍ដូចជាមន្ត្រីជំនាញជលផលនៃមន្ទីរកសិកម្មខេត្តកែប ។
ចំណែកលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ក៍មិនអាចរការសុំអត្ថាធិប្បាយតាមទូរសព្ទបានដែរនៅព្រឹកថ្ងៃអាទិត្យនេះ ជុំវិញការរអ៊ូរទាំរបស់ប្រជានេសាទខ្មែរមួយចំនួនតូចខាងលើ ។
បើតាមប្រជានេសាទខ្មែរ ប្រសិនអ្នកនេសាទខ្មែរ កុំថាឡើយចូលទៅនេសាទក្នុងដែនសមុទ្រវៀតណាម តែក្បែរៗ ឬ ជ្រុលចង្កូតចូលដែនសមុទ្រវៀតណាមតែបន្តិច នឹងត្រូវសមត្ថកិច្ចវៀតណាមចាប់ខ្លួន ឬ ឃាត់ខ្លួនភ្លាមៗ ។
កាលពីខែតុលា ២០២០កន្លងទៅនេះ ប្រជានេសាទខ្មែរចំនួន ២៥នាក់ ត្រូវបានសមត្ថកិច្ចវៀតណាមដោះលែងឲ្យមកទឹកដីកម្ពុជាវិញ បន្ទាប់ពីត្រូវបានសមត្ថកិច្ចវៀតណាមឃាត់ខ្លួនពីបទចូលនេសាទខុសច្បាប់ក្នុងទឹកដីវៀតណាម នៅតំបន់កោះត្រល់(វៀតណាមហៅកោះភូគុក) និងកោះថាស ៕