អ្នកនេសាទខ្មែរនៅកែប រអ៊ូរទាំរឿងយួនចូលនេសាទក្នុងដែនសមុទ្រខ្មែរ

ប្រជា​នេសាទ​ខ្មែរ​មួយ​ចំនួន​តូច​បាន​សម្តែង​ការ​មិន​សប្បាយចិត្ត​ចំពោះ​អ្នកនេសាទ​ជនជាតិ​យួន​ចូល​មក​នេសាទ​ក្នុង​ដែនសមុទ្រ​កម្ពុជា ។​

​យ៉ាងណា ប្រជា​នេសាទ​ខ្មែរ​មួយ​ចំនួន​តូច​ដែល​ប្រាប់​«​អង្រុត​»​កាលពី​ពេល​ថ្មី​ៗ​នេះ មិន​បាន​បញ្ជាក់​ថា តើ​ក្រុម​អ្នកនេសាទ​ជនជាតិ​យួន​ដែល​ចូល​មក​នេសាទ​ក្នុង​ដែនសមុទ្រ​ខ្មែរ​ម្តុំ​កោះត្បាល់​និង​ក្បែរ​ៗ​កោះទន្សាយ​ទាំងនោះ ចូល​មក​ស្របច្បាប់​ឬក៍​យ៉ាងណា​នោះ​ទេ ? ។​

​ក្រុម​អ្នកនេសាទ​ខ្មែរ បាន​ចោទប្រកាន់​ក្រុម​នេសាទ​យួន​ដែល​ចូល​មក​នេសាទ​ក្នុង​ដែនសមុទ្រ​ខ្មែរ​ថា​បាន​ប្រើ​ឧបករណ៍​ខុសច្បាប់​នោះ​ថែម​ទៀត ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផល​នេសាទ​របស់​ខ្មែរ ។​

​នៅ​ព្រឹក​ថ្ងៃ​ទី​១០ មក​រា ២០២១​នេះ «​អង្រុត​» មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​និង​បំភ្លឺ​តប​បាន​ទេពី​អ្នកនាំពាក្យ​នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ ក៍​ដូច​ជា​មន្ត្រី​ជំនាញ​ជលផល​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​កែប ។​

ចំណែកលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ក៍មិនអាចរការសុំអត្ថាធិប្បាយតាមទូរសព្ទបានដែរនៅព្រឹក​ថ្ងៃអាទិត្យនេះ ជុំវិញការរអ៊ូរទាំរបស់ប្រជានេសាទខ្មែរមួយចំនួនតូចខាងលើ ។

​បើ​តាម​ប្រជា​នេសាទ​ខ្មែរ ប្រ​សិន​អ្នកនេសាទ​ខ្មែរ កុំ​ថា​ឡើយ​ចូល​ទៅ​នេសាទ​ក្នុង​ដែនសមុទ្រ​វៀតណាម តែ​ក្បែរ​ៗ ឬ ជ្រុល​ចង្កូត​ចូល​ដែនសមុទ្រ​វៀតណាម​តែ​បន្តិច នឹង​ត្រូវ​សមត្ថកិច្ច​វៀតណាម​ចាប់ខ្លួន ឬ ឃាត់ខ្លួន​ភ្លាម​ៗ ។​

​កាលពី​ខែតុលា ២០២០​កន្លង​ទៅ​នេះ ប្រជា​នេសាទ​ខ្មែរ​ចំនួន ២៥​នាក់ ត្រូវ​បាន​សមត្ថកិច្ច​វៀតណាម​ដោះ​លែង​ឲ្យ​មក​ទឹកដី​កម្ពុជា​វិញ បន្ទាប់​ពី​ត្រូវ​បាន​សមត្ថកិច្ច​វៀតណាម​ឃាត់ខ្លួន​ពី​បទ​ចូល​នេសាទ​ខុសច្បាប់​ក្នុង​ទឹកដី​វៀតណាម នៅ​តំបន់​កោះត្រល់​(​វៀតណាម​ហៅ​កោះ​ភូ​គុក​) និង​កោះ​ថាស ៕