បើកឡានកៀរម៉ូតូដួលហើយ ដកកាំភ្លើងភ្ជង់ រួចស្រែកថាខ្លួនជាមន្រ្តី PMទៀត

បុរស​ម្នាក់​បាន​រង​របួស​បាក់ដង​កាំបិត ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​រថយន្ត​ម៉ាក​ព្រូស​មួយ​គ្រឿង​បើក​កៀរ​ទាំង​កំរោល ។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ត្រូវ​បាន​គេ​អះអាង​ថា បាន​កើតឡើង​នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ​កាលពី​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១០ មក​រា ២០២១ ។​

​បើ​តាម​ព័ត៌មាន​ដែល​ត្រូវ​គេ​ចែកចាយ​បន្ត​គ្នា​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ឲ្យ​ដឹង​ទៀត​ថា​​ មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​តូ​យ៉ូ​តា​ព្រូស​ព៌​ណ​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AU 9367 បើកបរ​ដោយ​បុរស​ម្នាក់ បាន​បើក​រថយន្ត​ស្រប​ទិស​គ្នា​តាម​បណ្តោយ​ផ្លូវ​៧៣ កែង​ផ្សារ​ធំ​ថ្មី រួច​កៀរ​ម៉ូតូ​ម៉ាក​ស្គូ​ពី​ព៌​ណ​ស ពាក់​ស្លាក​លេខ​កណ្តាល 1AG 5620 បណ្តាល​ឲ្យ​អ្នកបើកម៉ូតូ​ដួល​របួស​បាក់ដង​កាំបិត​និង​រង​របួស​ប្រអប់ជើង ។

ប្រភព​បន្ត​ថា បន្ទាប់​ពី​បើក​កៀរ​ម៉ូតូ​បង្ក​ឲ្យ​មាន​អ្នក​របួស​នោះ​រួច​មក គេ​ឃើញ​អ្នក​បើ​រក​រថយន្ត បាន​ដក​កាំ​ភ្លើង​ពី​ចង្កេះ ហើយ​ស្រែ​កថា​«​អ្ហែង​ចង់​យ៉ាងម៉េច​» ភ្លាម​ៗ​នោះ​គេ​ក៍​ឃើញ​អ្នកបើកបរ​ម៉ូតូ​ដែល​រង​របួសធ្ងន់​ផង​នោះ បាន​លេ​ី​កដៃ​សំពះ​សុំ​កុំ​បាញ់​គាត់​អី ។​  ក្រោយ​ឃើញ​សភាព​បែប​នេះ អ្នក​ចោមរោម​មើល​ហេតុការណ៍​បាន​រត់​មក​ជួយ​ជន​រង​គ្រោះ​និង​ជួយ​ចាត់ចែង​បញ្ជូន​អ្នកបើកបរ​ម៉ូតូ​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​ផង​ដែរ ។​

​ប្រភព​បាន​បន្ថែម​ទៀត​ថា បន្ទាប់​ពី​បង្កហេតុ​នោះ​រួច​មក គេ​ឃើញ​អ្នកបើកបរ​រថយន្ត​ព្រូស​នៅ​តែ​បន្ត​សំញែង​កាំ​ភ្លេ​ី​ង​នៅ​មុខ​សមត្ថកិច្ច​ដដែល​ៗ ទើបប​សមត្ថកិច្ច​សុំ​ដក​កាំភ្លើង​ទុក​សិន តែ​គេ​ឃើញ​ជន​បង្ក​ប្រគល់​អោយ​តែ​សំបក​កាំ​ភ្លើង​មិន​ប្រគល់​គ្រាប់​អោយ​នោះ​ទេ ហើយ​បាន​ស្រែក​គំហក​ដាក់​សមត្ថកិច្ច​នោះ​ថែម​ទៀត និង​បាន​ស្រែក ថា​ខ្លួន​(​អ្នកបើកបរ​រថយន្ត​)​មានមុខ​ងារ​ជា​មន្ត្រី​កងរាជអាវុធហត្ថ​និង​មាន​តួនាទី​ជា​នាយករង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ភ្នំ​ជំ​រាយ ។​

​ប្រភព​បញ្ជាក់​ទៀត​ថា ក្រោយ​ហេតុការណ៍​ជន​រង​គ្រោះ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ដោយ​មិន​ចង់​មានរឿង​វែង​ឆ្ងាយ ក៏​មិន​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ផ្សារ​ថ្មី​ទី​១​នោះ​ទេ ដោយ​សុំ​ត្រឹមតែ​ជន​បង្ក​ដែល​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ផង​ដែរ​នោះ សង​ថ្លៃ​ព្យាបាល​របួស​តែ​ប៉ុណ្ណោះ ដើម្បី​បញ្ចប់រឿង ។

យ៉ាងណា នៅយប់ថ្ងៃអាទិត្យដដែលនេះ«អង្រុត» មិនអាចរកការសុំបំភ្លឺនិងអត្ថាធិប្បាយ​បានទេពីអ្នកបើកបរ​រថយន្តព្រូស ក៍ដូចជាលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ៕