បុរសម្នាក់បានរងរបួសបាក់ដងកាំបិត ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តម៉ាកព្រូសមួយគ្រឿងបើកកៀរទាំងកំរោល ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានគេអះអាងថា បានកើតឡើងនៅក្នុងមូលដ្ឋានសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញកាលពីម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី១០ មករា ២០២១ ។
បើតាមព័ត៌មានដែលត្រូវគេចែកចាយបន្តគ្នានៅលើបណ្តាញសង្គមហ្វេសប៊ុកបានឲ្យដឹងទៀតថា មុនពេលកើតហេតុគេឃើញរថយន្តតូយ៉ូតាព្រូសព៌ណទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2AU 9367 បើកបរដោយបុរសម្នាក់ បានបើករថយន្តស្របទិសគ្នាតាមបណ្តោយផ្លូវ៧៣ កែងផ្សារធំថ្មី រួចកៀរម៉ូតូម៉ាកស្គូពីព៌ណស ពាក់ស្លាកលេខកណ្តាល 1AG 5620 បណ្តាលឲ្យអ្នកបើកម៉ូតូដួលរបួសបាក់ដងកាំបិតនិងរងរបួសប្រអប់ជើង ។
ប្រភពបន្តថា បន្ទាប់ពីបើកកៀរម៉ូតូបង្កឲ្យមានអ្នករបួសនោះរួចមក គេឃើញអ្នកបើរករថយន្ត បានដកកាំភ្លើងពីចង្កេះ ហើយស្រែកថា«អ្ហែងចង់យ៉ាងម៉េច» ភ្លាមៗនោះគេក៍ឃើញអ្នកបើកបរម៉ូតូដែលរងរបួសធ្ងន់ផងនោះ បានលេីកដៃសំពះសុំកុំបាញ់គាត់អី ។ ក្រោយឃើញសភាពបែបនេះ អ្នកចោមរោមមើលហេតុការណ៍បានរត់មកជួយជនរងគ្រោះនិងជួយចាត់ចែងបញ្ជូនអ្នកបើកបរម៉ូតូទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ។
ប្រភពបានបន្ថែមទៀតថា បន្ទាប់ពីបង្កហេតុនោះរួចមក គេឃើញអ្នកបើកបររថយន្តព្រូសនៅតែបន្តសំញែងកាំភ្លេីងនៅមុខសមត្ថកិច្ចដដែលៗ ទើបបសមត្ថកិច្ចសុំដកកាំភ្លើងទុកសិន តែគេឃើញជនបង្កប្រគល់អោយតែសំបកកាំភ្លើងមិនប្រគល់គ្រាប់អោយនោះទេ ហើយបានស្រែកគំហកដាក់សមត្ថកិច្ចនោះថែមទៀត និងបានស្រែក ថាខ្លួន(អ្នកបើកបររថយន្ត)មានមុខងារជាមន្ត្រីកងរាជអាវុធហត្ថនិងមានតួនាទីជានាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ ។
ប្រភពបញ្ជាក់ទៀតថា ក្រោយហេតុការណ៍ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណដោយមិនចង់មានរឿងវែងឆ្ងាយ ក៏មិនបានដាក់ពាក្យប្តឹងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារថ្មីទី១នោះទេ ដោយសុំត្រឹមតែជនបង្កដែលមិនទាន់ស្គាល់អត្តសញ្ញាណផងដែរនោះ សងថ្លៃព្យាបាលរបួសតែប៉ុណ្ណោះ ដើម្បីបញ្ចប់រឿង ។
យ៉ាងណា នៅយប់ថ្ងៃអាទិត្យដដែលនេះ«អង្រុត» មិនអាចរកការសុំបំភ្លឺនិងអត្ថាធិប្បាយបានទេពីអ្នកបើកបររថយន្តព្រូស ក៍ដូចជាលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ៕