ខេត្តកំពង់ចាម ៖ ករណីកុមារីម្នាក់ឈ្មោះចំរើន សុខជា អាយុ៥ឆ្នាំ ដែលបានបាត់ខ្លួននៅវេលាម៉ោង៦និង៣០នាទីល្ងាច កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ រំលងបានមួយថ្ងៃ គឺនៅវេលាម៉ោង១១និង១២នាទីថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០១៩ ក្មេងស្រីនោះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញសពអណ្តែតក្នុងទឹកព្រែក ។ រឿងវ៉ាវនេះ កើតឡើងជាង១ឆ្នាំ៣ខែកន្លងមកហើយ ទើបតែថ្ងៃទី២៨ ឧសភា ២០២០ ម្សិលមិញនេះ ត្រូវបានសមត្ថកិច្ចជំនាញបានបើកការស៊ើបអង្កេតជាថ្មីម្តងទៀត ដោយបានទទួលព័ត៌មានថ្មីបន្ថែមពីអង្គភាពការពារកុមារ (CPU) ។
ប្រតិបត្តិការស៊ើបអង្កេតជាថ្មីនេះ គឺមានការចូលរួមពីមន្ត្រីតុលាការខេត្តផងដែរ ដោយអង្គភាពការពារកុមារ(CPU) សហការជាមួយក្រសួងមហាផ្ទៃ និងនគរបាលខេត្តកំពង់ចាម មន្ត្រីជំនាញកោសល្យវិច័យ រួមនិងសមត្ថកិច្ចពាក់ព័ន្ធជាច្រើននាក់ទៀត បានចំណាយពេលវេលាដើម្បីពិនិត្យកន្លែងកើតហេតុ និងស៊ើបសួរពីសាក្សី ផងដែរ ។
យោងតាមការស៊ើបសួរ ជីដូនរបស់កុមារីរងគ្រោះ បានប្រាប់ឲ្យដឹងថា ក្មេងរងគ្រោះ បានបាត់ខ្លួន នៅវេលាម៉ោង០៦និង៣០នាទីល្ងាចកាលពីថ្ងៃទី១០ កុម្ភៈ ២០១៩ ។ ក្រោយពេលបាត់ខ្លួនកុមារីរងគ្រោះ មានអ្នកភូមិ បានជួយនាំគ្នាដើររកទាំងយប់ ប៉ុន្តែរកមិនឃើញទេ ។ ថ្ងៃស្អែកឡើងនៅវេលាម៉ោង១១ព្រឹក ទើបសពចៅស្រី ត្រូវបានប្រទះឃើញ នៅក្នុងទឹកព្រែក ។
បន្ទាប់ពីបានធ្វើការសាកសួរអ្នកពាក់ព័ន្ធមួយចំនួនទៀត និងឆ្លងតាមការស្រាវជ្រាវលើរឿងនេះ សមត្ថកិច្ចជំនាញ សន្និដ្ឋានជាដំបូងថា មិនមែនជាករណីលង់ទឹកនោះទេ តែជាករណីឃាតកម្ម ទើបសមត្ថកិច្ច សុំយោបល់ពីមន្តី្រតុលាការ សម្រេចឃាត់ខ្លួនមុខសញ្ញាសង្ស័យម្នាក់ឈ្មោះ ទូច ណាលី ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិគៀនជ្រៃក្នុង ឃុំគៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅម៉ោង១៦និង៤០នាទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ដើម្បីនាំមកសាកសួរ ។
ឆ្លងតាមការសួរនាំតាមជំនាញព្រហ្មទណ្ឌរួមមក ជនសង្ស័យឈ្មោះ ទូច ណាលី ក៏ព្រមសារភាពនៅចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានសម្លាប់កុមារីរងគ្រោះម្នាក់ពិតប្រាកដមែន ដោយសារខឹងនាង ជេរថា អាខ្ទើយៗ ។
ជនសង្ស័យ សារភាពបន្តថា នៅថ្ងៃកើតហេតុ ក្នុងឆ្នាំ២០១៩នោះ ខ្លួនបានមើលទូរទស្សន៍ នៅផ្ទះអ្នកជិតខាង ពេលនោះ ឈ្មោះកុមារី ចំរើន សុខជា អាយុ៥ឆ្នាំ នៅផ្ទះក្បែរគ្នា បានមកមើលទូរទស្សន៍នៅទីនោះដែរ ពេលកំពុងមើលនោះ នាងបានហៅខ្លួនថា «អាខ្ទើយ» ដោយខឹងពេក ជនសង្ស័យ បានចុះមកដី ហើយហៅបបួលក្មេងស្រី ឲ្យចុះមកតាមដែរ ។ ពេលបបួលក្មេងស្រីបានហើយ ខ្លួនបាននាំមកជិតៗមាត់ព្រែក ហើយខ្លួនក៏ចាប់ក្មេងស្រីនោះទម្លាក់ទឹក លង់ស្លាប់តែម្តង ។
បន្ទាប់មកនៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចបាននាំជនសង្ស័យទៅធ្វើត្រាប់ ពីសកម្មភាពដែលបានប្រព្រឹត្តឡើងវិញ ។ ជនសង្ស័យត្រូវបានបញ្ជូនទៅតុលាកាខេត្តកំពង់ចាម ដើម្បីផ្តន្ទាទោសតាមច្បាប់ ពីបទឃាតកម្ម ។
គួររំលឹកថា កំពុងតាមរក…លុះឃើញវិញរន្ធត់ដល់ក្រុមគ្រួសារ (មានវីដេអូ) មានករណីបាត់ខ្លួនក្មេងស្រីម្នាក់អាយុ៥ឆ្នាំ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិគៀនជ្រៃក្នុង ឃុំគៀនជ្រៃ ស្រុកកំពុងសៀម ។ គិតត្រឹមវេលាម៉ោង១១និង១២នាទីថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០១៩ ក្មេងស្រីដែលបាត់ខ្លួន ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចប្រទះឃើញសពអណ្តែតក្នុងទឹកព្រែកចម្ងាយពីផ្ទះប្រហែល៣០០ទៅ៤០០ម៉ែត្រ ហើយសមត្ថកិច្ចកំពុងពិនិត្យ និងធ្វើកោសល្យវិច្ច័យ ។
ក្មេងស្រីរងគ្រោះមានឈ្មោះ ចំរើន សុខជា អាយុ៥ឆ្នាំ រស់នៅជាមួយលោក យាយ លោកតា នៅឯភូមិកើតហេតុខាងលើ ។ ក្មេងរងគ្រោះមានឪពុកចញ្ចឹមឈ្មោះ ស្រ៊ាន ចំរើន និងម្តាយឈ្មោះ ធី សុខឡូត បានទៅធ្វើការនៅរាជធានីភ្នំពេញ ។
នាព្រឹកថ្ងៃទី១១ កុម្ភៈ នេះដែរ លោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត បានចុះសួរសុខទុក្ខក្រុមគ្រួសារសាច់ញាតិក្មេងស្រីដែលបាត់ខ្លួន និងបានបញ្ជាឱ្យកម្លាំងនគរបាល រួមទាំងកងរាជអាវុធហត្ថខេត្ត បើកការស៊ើបអង្កេត និងស្រាវជ្រាវតាមរកក្មេងស្រីដែលបាត់ខ្លួននោះ ៕