រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១ មិថុនា ២០២០ នៅពេលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញធ្វើដំណើរឆ្លងកាត់ពីទីតាំងឆ្នេរសមុទ្ររាម ឆ្ពោះមកកាន់ឆ្នេរអូរត្រេះ បានប្រសិទ្ធិនាមឈ្មោះដែលទាក់ទាញទេសចរណ៍ចំនួន៣ជាផ្លូវការ រួមមាន ៖
១) “ខ្មែរធ្វើបាន” ពាក្យនេះនឹងឆ្លាក់នៅលើជញ្ជាំងភ្នំ ដែលបានកាត់ពុះជ្រែកភ្នំ ធ្វើផ្លូវចុះមកក្រោម ហើយបត់ឆ្វេងឡើងទៅលើភ្នំ បត់ចុះក្រោមឆ្ពោះទៅកាន់ឆ្នេរអូត្រេះ ។
២) “សិលាចាំស្នេហ៍” គឺមានផ្ទាំងថ្មធំមួយផ្ទាំង នៅចំកណ្តាលផ្លូវ ពេលធ្វើដំណើរចុះមកពីផ្លូវលើទួលភ្នំចុះមកក្រោម ។
៣) “ដើមឈើចាំស្នេហ៍” គឺក្រោយពីឆ្លងកាត់សិលាចាំស្នេហ៍រួចហើយ ចុះមកក្រោមបន្តិច គឺមានដើមឈើធំមួយដើម ដុះនៅចំកណ្តាលផ្លូវ ដែលមានចាក់បេតុងព័ទ្ធជុំវិញការពារសុវត្ថិភាព រួចស្រេចទៀតផង ។
ទេសភាពធម្មជាតិដ៏ស្រស់ស្អាត នៅតាមដងផ្លូវបត់បែន ឡើងចុះឆ្លងកាត់ភ្នំ នៅតំបន់ឆ្នេរសមុទ្ររាម គឺមានការទាក់ទាញទេសចរណ៍យ៉ាងខ្លាំង ដែលសង្ឃឹមថា នឹងក្លាយទៅជាតំបន់ទេសចរណ៍ ដ៏មានប្រជាប្រិយ និងទាក់ទាញខ្លាំងបំផុតនាពេលអនាគត ឆាប់ៗនេះ ៕