ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ បានឃាត់ខ្លួនបុរសម្នាក់ ដែលជាថៅកែក្រុមហ៊ុន King Diamond World co.,ltd (ដុកទ័រសុខភាពនិងសម្រស់) តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ ករណីរំលោភលើទំនុកចិត្ត ទៅលើម្ចាស់ក្រុមហ៊ុន EAMLO Import & Export Co.Ltd ដែលជាក្រុមហ៊ុន ចែកចាយ និងនាំចូលផ្តាច់មុខ នូវផលិតផលទុយោទឹក ម៉ាក ស្ពឺន និង ប្រូហ្វីត ពីរោងចក្រនៅប្រទេសម៉ាឡេស៊ី និងនាំឡេយកមកលក់ចែកចាយប៉ះពាល់ដល់សុខភាពអ្នកប្រើ។
យោងតាមប្រភពព័ត៍មានពីមន្ត្រីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ូច លក្ខិណា ភេទប្រុស អាយុ៣៨ឆ្នាំជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះលេខ ០៣ ផ្លូវ ស៊ី ( C ) ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវនគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនកាលពីវេលាម៉ោងប្រមាណជាង៩យប់ ថ្ងៃទី២១ ខែមិថុនាឆ្នាំ២០២០ នៅម្តុំវិមានឯករាជ្យខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនរងគ្រោះជាម្ចាស់ដើមបណ្តឹងឈ្មោះ ឡូ ឬទ្ធី ភេទប្រុស អាយុ៣៣ឆ្នាំ ជាម្ចាស់ក្រុមហ៊ុន ឈ្មោះ EAMLO Import & Export Co.Ltd បានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ូច លក្ខិណា និងបក្ខពួក ២នាក់ទៀត គឺឈ្មោះ ណៃ វិទូ ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅផ្ទះលេខ ២១៤ ភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងម្នាក់ទៀត ឈ្មោះ ម៉ែន មនោ ភេទប្រុស អាយុ៣៤ឆ្នាំ ទីលំនៅក្រុមហ៊ុន ហ៊ួត ជា ផ្លូវលេខ ១៩២៨ ភូមិច្រេះ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានចូលបម្រើការងារជាបុគ្គលិករបស់ជនរងគ្រោះ រយៈពេលពីរបីឆ្នាំមកហើយ ។ តែចាប់តាំងពីអំឡុងខែមេសា ឆ្នាំ២០១៩ ពួកគេបានធ្វើសកម្មភាពអូសទាញអតិថិជនធំៗជាច្រើន ដូចជាគម្រោងបុរី សង្ឃឹមថ្មី , បុរីចតុមុខ ស៊ីធី , ដេប៉ូ ពៅ កន និងអតិថិជនផ្សេងៗទៀត ឲ្យបញ្ឈប់ការបញ្ជាទិញទំនិញពីក្រុមហ៊ុនរបស់ជនរងគ្រោះ និងបានញុះញង់អូសទាញបុគ្គលិកក្រុមហ៊ុនទាំងអស់ឲ្យឈប់ធ្វើការ ថែមទៀតផង ។
ម្ចាស់ដើមបណ្តឹងរៀបរាប់បន្តថា បុគ្គលទាំង៣រូបនេះ បានព្រួតដៃគ្នា ប្រើល្បិចកល់គ្រប់បែបយ៉ាង ធ្វើយ៉ាងណាឲ្យក្រុមហ៊ុនរបស់ជនរងគ្រោះដួលរលំ ហើយពួកគេអូសទាញអតិថិជនទាំងអស់ដែលធ្លាប់តែទិញទំនិញរបស់ក្រុមហ៊ុនរបស់ជនរងគ្រោះ ឲ្យទៅទិញទំនិញនៅក្រុមហ៊ុនរបស់ពួកគេ វិញ។
ដោយឡែក ឈ្មោះ អ៊ូច លក្ខិណា និងប្រពន្ធឈ្មោះ ណៃ មួយអ៊ីម បានបើកក្រុមហ៊ុនមួយឈ្មោះ ដុកទ័រ សុខភាព និង សម្រស់ ដែលកំពុងដំណើរការសព្វថ្ងៃនេះ ។
ជនរងគ្រោះដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចចាប់ជនសង្ស័យទាំង៣នាក់ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ មកម្លេះ។ ប៉ុន្តែជនសង្ស័យឈ្មោះ អ៊ូច លក្ខិណា នេះ សមត្ថកិច្ចទើបតែចាប់នាយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នេះ។ ចំណែកបក្ខពួកជនសង្ស័យ ២នាក់ទៀត សមត្ថកិច្ចកំពុងតាមចាប់ខ្លួនផងដែរ ៕