ជំទាវ​សមាជិក​ព្រឹទ្ធសភា​ម្នាក់​ប្ដឹង ផែង វណ្ណៈ ត្រូវ​អស់តំណែង ឥឡូវ​ជំទាវ​សមាជិក​រដ្ឋសភា​ម្នាក់​ប្តឹង​លោក​ទៀត

រាជធានី​ភ្នំពេញ ៖ យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផេ​ករប​ស់លោក ផែង វណ្ណៈ ដែល​បង្ហោះ​នៅ​ថ្ងៃ​ទី​២៥ មិថុនា ២០២០​នេះ មាន​ខ្លឹមសារ​ថា «៣​ឆ្នាំ​មុន លោក​ជំទាវ​សមាជិក​ព្រឹទ្ធសភា​ប្ដឹង បន្ទាប់​មក លោក​ជំទាវ​សមាជិក​ព្រឹទ្ធសភា​នោះ ក៏​អស់តំណែង​លែង​ជា​សមាជិក​ព្រឹទ្ធសភា ទៀត​ហើយ ។ ឥឡូវ ៣​ឆ្នាំ​ក្រោយ លោក​ជំទាវ​សមាជិក​រដ្ឋសភា​ប្ដឹង​ម្ដង ។ ហេ​ហេ គិត​សព្វ​ៗ​ទៅ​ការងារ​ខ្ញុំ អត់​មាន​រាស្ត្រ​ណា​ប្ដឹង​សោះ មាន​តែ​លោក​ជំទាវ​ៗ ប្ដឹង​រហូត​ហ្មង​» ។

ហ្វេ​ស​ប៊ុ​ក​ផេ​ក​ដដែល ក៏​បានអោយ​ដឹង​ដែរ​ថា លោក ផែង វណ្ណៈ ឡើង​តុលាការ​ថ្ងៃ​៣០ មិថុនា ២០២០ តាម​បណ្ដឹង​របស់​លោក​ជំទាវ ឡោក ខេ​ង ។ លោក​ជំទាវ ឡោក ខេ​ង ជា​តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ នៅ​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២០ បាន​ប្ដឹង លោក ផែង វណ្ណៈ ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពី​បទ​ញុះញង់​អោយ​មានការ​រើសអើង​, បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ជេរ​ប្រមាថ​ជា​សាធារណៈ ។

ការ​ប្ដឹង​នេះ​បាន​កើតឡើង​បន្ទាប់​ពី​លោក ផែង វណ្ណៈ បាន​ផ្សាយ​ព័ត៌មាន​អំពី​ក្រុម​លួច​លក់​ដី​ប្រជាពលរដ្ឋ ទំហំ​ជាង​២​ហិ​កតា នៅ​ភូមិ សំរោង​ខាងត្បូង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។ មេ​ក្លោ​ង​លួច​លក់​ដី​ឈ្មោះ ឡុ​ង ដា​រា ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ទៅ អយ្យការ​អម​សាលាដំបូង​រាជធានី​ចាត់ការ​តាម​ផ្លូវច្បាប់ និង​ត្រូវ​បាន​ចៅក្រម​ចេញ​ដីកាឃុំខ្លួន​ដាក់​ពន្ធនាគារ​រួច​ហើយ ។

តាម​ចម្លើយ​សារភាព​របស់ ឡុ​ង ដា​រា គឺ ឡុ​ង ដា​រា បាន​លួច​លក់​ដី​ទំហំ​ជាង ២​ហិ​កតា អោយទៅ​ឧត្ដមសេនីយ៍ឯក ស ថា​វី ហើយ​ឧត្ដមសេនីយ៍ឯក ស ថា​វី លក់​បន្ត​ទៅ​អោយ​លោក​ជំទាវ ឡោក ខេ​ង ដែល​មាន​លោកស្រី យស មាលី​ណា ជា​តំណាង ។

លោក ផែង វណ្ណៈ រីករាយ​នឹង​ឡើង​ទៅ​ឆ្លើយ​បំភ្លឺ ចំពោះ​បណ្ដឹង​របស់​លោក​ជំទាវ ព្រោះ​លោក​មិន​បាន​ប្រព្រឹត្ត​បទល្មើស​ញុះញង់​អ្វី​នោះ​ទេ ។

សូម​រម្លឹក​ឡើង​វិញ​ថា លោក ផែង វណ្ណៈ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន កាល​រសៀល​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៦ ថា «​នៅ​រសៀល​ថ្ងៃនេះ ខ្ញុំ​ឡើង​តុលាការ​សារ​ជា​ថ្មី​តាម​ពាក្យបណ្តឹង របស់​លោក​ជំទាវ កែវ ម៉ា​លី ដែល​បាន​ប្តឹង​ខ្ញុំ ពី​បទ​បរិហារកេរ្តិ៍ តាម​រយៈ​ការ​ផ្សាយ​បន្ត​ពី​លោក ព្រំ សាន ជុំវិញ​រឿងរ៉ាវ​ទំនាក់ទំនង​ស្នេហារ វាង​លោក​ជំទាវ និង​លោក​ឧត្តមសេនីយ៍ សៀ​ក សុ​ជាតិ​»​។​ សម្រាប់​លោក ផែង វណ្ណៈ នៅ​តែ​អះអាង​ថា លោក​មិន​បាន​ធ្វើ​អ្វី​ខុស​នោះ​ទេ ហើយ​លោកស្រី កែវ ម៉ា​លី ក៏​បាន​ប្តឹង​លោក​ម្តង​រួច​មក​ហើយ ប៉ុន្តែ​ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យ​កាត់​របៀប ស្រាប់តែ​ពេល​នេះ​គាត់​ប្តឹង​ម្តងទៀត ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ អង្រុត​ព័ត៌មាន រង់ចាំ​ការ​បំភ្លឺ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ជា​និច្ច ៕