ខេត្តក្រចេះ ៖ ផ្ទះបុរាណខ្មែរ រចនាប័ទ្ម បែបខ្មែរសុទ្ធសាធ ដែលមានសសរ១០០ និងអាយុកាលរហូតដល់ជាង១០០ឆ្នាំ ត្រូវបានរុះរើចេញពីទីតាំងដើម ស្ថិតនៅភូមិកោះកណ្តុរ ស្រុកឆ្លូង ខេត្តក្រចេះ នៅថ្ងៃនេះហើយ នេះបើតាមគណណីហ្វេសប៊ុកឈ្មោះ Sokmean Alexandra បានបង្ហោះកាលពីថ្ងៃទី ២២ ខែមិថុនា ២០២០ ម្សិលមិញនេះ។
តាមរយៈគណនីហ្វេសប៊ុកដដែល បានរៀបរាប់ពីប្រវត្តិផ្ទះនេះថា ផ្ទះសសរ១០០ នេះជាផ្ទះរោងឌឿងរបស់ថៅកែឈើដ៏ធំ នៅស្រុកឆ្លូង រស់នៅតគ្នា ច្រើនជំនាន់មកហើយ ជាងមួយសតវត្សរ៍ ។
កាលពីដើម ផ្ទះនេះ មានសសរឈើប្រណីតចំនួន ១០០ដើម ប៉ុន្តែកាលសម័យប៉ុលពត បានរុះល្វែងខាងមុខ និងល្វែងខាងក្រោយអស់សសរខ្លះទៅហើយ ដោយពួកប៉ុលពត យកផ្ទះនេះធ្វើជាកន្លែងស្នាក់នៅរបស់កម្មាភិបាលខ្មែរក្រហម ។ សព្វថ្ងៃនេះ ផ្ទះនៅរឹងមាំល្អនៅឡើយ ទោះនៅសល់សសរត្រឹម ៤០ដើមក៏ដោយ ។
ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម ៖