គណបក្សសង្គ្រោះជាតិ ( CNRP ) បានទាមទារឲ្យរាជរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន យកអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ១៩៨២ ស្តីពីច្បាប់សមុទ្រ (UNCLOS)និងឯកសារគតិយុត្តិនានាក្នុងការប្តឹងទាមទារយកមកឲ្យប្រទេសកម្ពុជាវិញនូវកោះត្រល់ ចង្កោមកោះក្រចកសេះ និងដែនសមុទ្រនៃប្រទេសកម្ពុជា ដែលត្រូវបានគ្រប់គ្រងដោយប្រទេសវៀតណាម ។
នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិចុះថ្ងៃទី០២ កក្កដា ២០២០ ដែលត្រូវបានគេផ្សព្វផ្សាយជាសាធារណៈនៅប៉ុន្មាននាទីមុននេះ ។
គិតត្រឹមម៉ោង៤និង០៩នាទីរសៀលថ្ងៃព្រហស្បតិ៍ដដែលនេះ នៅមិនទាន់ឃើញមានប្រតិកម្មតបនៅឡើយទេពីអ្នកនាំពាក្យរាជរដ្ឋាភិបាលខ្មែរ ក៍ដូចជាមន្ត្រីជាន់ខ្ពស់ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
បើតាមសេចក្តីថ្លែងការណ៍ដែល«អង្រុត»ទើបទទួលបាន បានបញ្ជាក់ថា CNRP គាំទ្រប្រធានប្តូរវេននៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ តាមរយៈប្រព័ន្ធវីដេអូ (Video Conference) កាលពីថ្ងៃទី២៦ មិថុនា ២០២០ ដែលបានជំរុញដល់ប្រទេសពាក់ព័ន្ឋក្នុងជម្លោះនៅសមុទ្រចិនខាងត្បូង ដោះស្រាយបញ្ហាដោយសន្តិវិធី និងតាមច្បាប់អន្តរជាតិដោយបានបញ្ជាក់ថា អនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ១៩៨២ ស្តីពីច្បាប់សមុទ្រ (1982 United Nations Convention On the Law of the Sea – UNCLOS )គឺជាមូលដ្ឋាននៃការកំណត់សិទ្ឋិនៅលើដែនសមុទ្រ សិទ្ឋិអធិបតេយ្យ យុត្តាធិការ និងផលប្រយោជន៍ស្របច្បាប់នៅលើតំបន់ដែនសមុទ្រ ។
បើតាម CNRP ដដែល អនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ១៩៨២ ស្តីពីច្បាប់សមុទ្រ គឺជាលិខិតបទដ្ឋានគតិយុត្តិអន្តរជាតិមួយ ដែលកំណត់សិទ្ឋិរបស់ប្រទេសនីមួយៗនៅលើដែនសមុទ្រ ព្រមទាំងកំណត់ពីព្រំដែនសមុទ្រ នាវាចរណ៍ តំបន់នេសាទ និងចំណុចសំខាន់ជាច្រើនទៀតទាក់ទិនសមុទ្រ ដែលប្រទេសកម្ពុជាត្រូវតែយកមកធ្វើជាមូលដ្ឋានសម្រាប់ដោះស្រាយបញ្ហាព្រំដែនសមុទ្រជាមួយប្រទេសជិតខាង ។
សេចក្តីថ្លែងការណ៍បានពន្យល់ទៀតថា មាត្រា ៣ ជំពូកទី២ នៃអនុញ្ញាអង្គការសហប្រជាជាតិឆ្នាំ១៩៨២ ស្តីពីច្បាប់សមុទ្រចែងយ៉ាងច្បាស់ថា« រាល់រដ្ឋទាំងអស់មានសិទ្ឋិបង្កើតវិសាលភាពនៃសមុទ្ររបស់ខ្លួន រហូតដល់ដែនកំណត់មិនលើសពីចម្ងាយ១២ម៉ាយល៍(ប្រហាក់ប្រហែល១៩.២គីឡូម៉ែត្រ) លើសមុទ្រ ដែលវាស់ពីបន្ទាត់មូលដ្ឋានដែលបានកំណត់ ដោយអនុលោមតាមអនុសញ្ញានេះ ។»។
យ៉ាងណាក៍ដោយនៅក្នុងការឡើងបកស្រាយអំពីបញ្ហាព្រំដែនរយៈពេលជាង៥ម៉ោង នៅរដ្ឋសភាតាមសំណើរបស់មន្រ្តីបក្សប្រឆាំងកាលពីឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រី ធ្លាប់បានមានប្រសាសន៍ថា ការកំណត់ព្រំដែនសមុទ្រ មិនទាន់មានភាពច្បាស់លាស់នៅឡើយទេ។ ប៉ុន្តែលោកបានបដិសេធថា កម្ពុជាមិនបានបាត់បង់ដែនសមុទ្រ ដូចដែលត្រូវបានក្រុមប្រឆាំងចោទប្រកាន់ទាំងងងឹតងងល់នោះទេ។ លោកបានលើកឡើងថា៖«គេចោទប្រកាន់ថា កម្ពុជាបានបាត់បង់ដែនសមុទ្រ ១០.០០០ គីឡូម៉ែត្រការ៉េ។ ប៉ុន្តែតាមពិត កម្ពុជានិងវៀតណាម នៅមិនទាន់បានដោះស្រាយចប់លើបញ្ហាដែនសមុទ្រនៅឡើយទេ។
លោក ហ៊ុន សែន បានបន្តថា គេចោទប្រកាន់ដោយផ្អែកទៅលើខ្សែបន្ទាត់ ដែលគេគូសជាឯកតោភាគី កាលពីឆ្នាំ ១៩៧២ប៉ុណ្ណោះ។ លោក បន្តថា កម្ពុជា បានបាត់បង់សិទ្ធិទាមទារកោះត្រល់ ដោយសារតែការប្រើប្រាស់ខ្សែប្រេវីយ៉េ។ លោកពន្យល់ថា តាមខ្សែប្រេវីយ៉េនេះ គឺកោះត្រល់ មិនស្ថិតនៅក្នុង ដែនដីកម្ពុជាទេ។ លោកបន្ថែមថា លោកប្រេវីយ៉េ កាលពីឆ្នាំ ១៩៣៩ បានដាក់កោះត្រល់នៅក្រោមការគ្រប់គ្រងរបស់វៀតណាម ហើយក្រោយមក នៅឆ្នាំ ១៩៤៩ ទឹកដីកូសាំស៊ីន ក៏ត្រូវបារាំង កាត់ទៅឲ្យវៀតណាម និងនៅ ឆ្នាំ ១៩៦៤ សម្តេចសីហនុ បានយកផែនទីខ្សែប្រេវីយ៉េ ទៅតម្កល់នៅអង្គការសហប្រជាជាតិ ដើម្បីឲ្យអន្តរជាតិ និងវៀតណាម ទទួលស្គាល់ខ្សែបន្ទាត់ព្រំដែនសមុទ្រកម្ពុជា និងវៀតណាម។ ចំណុចទាំងបីនេះបានន័យថា កម្ពុជាបានបាត់បង់សិទ្ឋិទាមទារកោះត្រល់ហើយ ដែលនេះគឺជាបញ្ហាផ្លូវច្បាប់។ លោកហ៊ុន សែន គូសបញ្ជាក់៖
«ចំណុចចុងក្រោយ កម្ពុជា បានបញ្ជាក់ថា ខ្លួនឈប់ទាមទារកោះត្រល់មកវិញហើយ។ សម្តេច នរោត្តម សីហនុ ក៏បានប្រាប់លោក Pham Van Dong នាយករដ្ឋមន្រ្តីវៀតណាម ក្នុងឆ្នាំ ១៩៩៩ ថា កម្ពុជា ឈប់ទាមទារកោះត្រល់ទៀតហើយ»។ លោកបន្តថា នោះជាមូលហេតុ ដែលកម្ពុជា បាត់បង់សិទិ្ធទាមទារកោះត្រល់។
លោក ហ៊ុន សែន បានប្រាប់រដ្ឋសភាថា៖ «ខ្ញុំសូមបញ្ជាក់ថា ទាំងព្រំដែនដីគោក និងផ្ទៃទឹក យើងអនុវត្តតាមផែនទី ដែលសម្តេច នរោត្តម សីហនុ បានតម្កល់នៅអង្គការសហប្រជាជាតិ។ អ្នកជេរ ហ៊ុន សែន ដូចជេរសីហនុ ព្រោះ ហ៊ុន សែន ធ្វើតាម សីហនុ ទាំងអស់»៕