រយៈពេលពីរថ្ងៃជាប់គ្នាហើយ ពោកកាលពីថ្ងៃម្សិលមិញនិងថ្ងៃនេះ អង្គភាព Fresh News ដែលគេដឹងថាជាប្រព័ន្ឋផ្សព្វផ្សាយលម្អៀងភាគច្រើនគាំទ្រគណបក្សកាន់អំណាចនិងរាជរដ្ឋាភិបាល បានបង្ហាញពីសារសម្លេងបែកធ្លាយរបស់មេដឹកនាំគណបក្សនយោបាយនៅក្នុងប្រទេសកម្ពុជា ។ នៅថ្ងៃទី០២ កក្កដានេះ Fresh News បានបង្ហោះសារសម្លេងបែកធ្លាយរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលកំពង់ចាម លោក ម៉ៅ មុនីវណ្ណ ដែលសារសម្លេងនេះត្រូវបាន Fresh News ថាខ្លួនទទួលបានពីគណនីហ្វេសប៊ុកឈ្មោះ News Fast ។
បើតាម Fresh News ក្នុងសំឡេងសន្ទនាប្រមាណ៤៣នាទីនេះ លោក ម៉ៅ មុនីវណ្ណ បានបង្ហាញអំពីផែនការរបស់ខ្លួន ក្នុងការទម្លាក់ លោក សម រង្ស៉ី ចេញពីតំណែងអតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលតុលាការកាត់ទោសរំលាយ ហើយលើកលោក កឹម សុខា ដែលពេលនោះជាអនុប្រធាន ឱ្យឡើងជាប្រធានគណបក្សជំនួសវិញ នៅឆ្នាំ២០១៦ ខណៈដែលកាលពីថ្ងៃពុធម្សិលមិញ Fresh News ក៍បានបង្ហាញពីសារសម្លេងបែកធ្លាយរវាងលោក កឹម សុខ អតីតប្រធានគណបក្សសង្គ្រោះជាតិ និង លោក ហ៊ុន សែន ផងដែរ ដែលសារសម្លេងនេះ Fresh News ថាខ្លួនទទួលបានពីគណនីហ្វេសប៊ុកឈ្មោះ យុត្តិធ៌មសង្គម ។
តាមការកត់សម្គាល់ នូវរៀងរាល់ខែកក្កដានៃឆ្នាំនីមួយៗ គេសង្កេតឃើញតែងកើតមានព្រឹត្តិការណ៍នយោបាយនៅកម្ពុជាផ្ទុះឡើងជាញឹកញាប់ ដូចជាព្រឹត្តិការណ៍បង្ហូរឈាមខ្មែរនិងខ្មែរកណ្តាលរាជធានីភ្នំពេញ កាលពីថ្ងៃ៥-៦ កក្កដា ១៩៩៧ រវាងកងទ័ពដែលស្មោះស្ម័គ្រនឹងព្រះអង្គម្ចាស់នរោត្តមរណប្ញទ្ឋិ ជានាយករដ្ឋមន្ត្រីទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី១ និងជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និង លោក ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីទី២ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជានាពេលកំឡុងពេលនោះជាដើម ។ ចុះ ខែកក្កដា ២០២០នេះ មានអ្វីកើតឡើងលើស្ថានការណ៍នយោបាយនៅកម្ពុជា ខណៈអង្គភាពព័ត៌មានខាងលើ ហាក់បង្ហាញការចាប់អារម្មណ៍ ឬ បង្ហាញតម្រាយផ្លូវណាមួយក្នុងការចាប់ផ្តើមការឆ្លើយឆ្លងរវាងមេដឹកនាំនយោបាយដដែលនៅកម្ពុជា ។
មិនអាចរកការសុំអត្ថាធិប្បាយបានទេពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ក៍ដូចជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ នៅរសៀលថ្ងៃទី០២ កក្កដា ២០២០នេះ ៕