ក្រសួងមហាផ្ទៃរបស់ប្រទេសកម្ពុជា បានសម្រេចផ្ទេរការបញ្ជាក់សៀវភៅគ្រួសារ លិខិតបញ្ជាក់ទីលំនៅផ្សេងពីអធិការដ្ឋាននគរបាលស្រុក ខណ្ឌ មកចេញត្រឹមប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់វិញ ។
ក្រៅពីការកែទម្រង់ផ្ទេរដែនសមត្ថកិច្ចខាងលើ ក្រសួងមហាផ្ទៃ ក៍បានសម្រេចផ្ទេរសមត្ថកិច្ចពីស្នងការនគរបាលរាជធានី ខេត្ត ជូនទៅអធិការនគរបាលក្រុង ស្រុក ខណ្ឌ ក្នុងការពិនិត្យ សម្រេចផ្តល់សៀវភៅគ្រួសារ ទុតិយតាសៀវភៅគ្រួសារ ការប្រែប្រួលនៃសមាជិកគ្រួសារ និងការកែ តម្រូវទិន្នន័យក្នុងបញ្ជីគ្រួសារស្របតាមលិខិតបទដ្ឋានគតិយុត្តកំណត់ផងដែរ ។
នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី០១ កក្កដា ២០២០ ។
ក្រោយការចេញសេចក្តីសម្រេចផ្ទេរដែនសមត្ថកិច្ចក្នុងការបញ្ជាក់សៀវភៅស្នាក់នៅ លិខិតបញ្ជាក់ទីលំនៅ ការប្រែប្រួលនៃសមាជិកគ្រួសារ ក៍ដូចជាការផ្លាស់ប្តូរទីលំនៅពីអធិការដ្ឋាននគរបាលមកប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និង ពីស្នងការដ្ឋាននគរបាលខេត្ត ក្រុង មកអធិការនគរបាលស្រុក ខណ្ឌខាងលើនេះ ប្រជាពលរដ្ឋជាច្រើនបានសាទរនិងគាំទ្រចំពោះកំណែទម្រង់ដែលនាំដល់ការកាត់បន្ថយការចំណាយពេលវេលា និង ថវិការបស់ប្រជាពលរដ្ឋ ៕