រយៈពេល៦ខែ នៃឆមាសទី១ ឆ្នាំ២០២០ រាជរដ្ឋាភិបាលខ្មែររកចំណូលពីពន្ធអាករគ្រប់ប្រភេទបានប្រមាណ១៦៨៤លានដុល្លារ ។បើតាមតួរលេខរបស់អគ្គនាយកដ្ឋានពន្ឋដារ គឺបានកើនឡើង១២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០១៩ ក្នុងនោះគ្រាន់តែនៅក្នុងខែមិថុនា ឆ្នាំ២០២០កន្លងមកនេះ កម្ពុជារកបានជិត២០០លានដុល្លារ ។
បើតាមសេចក្តីប្រកាសកាលពីថ្ងៃទី១០ កក្កដា ២០២០កន្លងមកនេះ ពន្ឋដែលរាជរដ្ឋាភិបាលប្រមូលមាន ២ប្រភេទ គឺពន្ធអាករលើតម្លៃបន្ថែម (VAT) និងពន្ធលើប្រាក់ចំណូល បានរក្សាកំណើនគួរឲ្យកត់សម្គាល់ ។
ដោយឡែក បើតាមលោក រង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានរៀបចំឡើងដោយគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីពេលថ្មីៗនេះថា គិតមកទល់ពេលនេះ រាជរដ្ឋាភិបាលបានគ្រោងចំណាយអន្តរាគមន៍ប្រយុទ្ធនឹងជំងឺកូវីដ-១៩ (ទាំងផ្នែកសុខាភិបាល និងសង្គម និងទាំងផ្នែកសេដ្ឋកិច្ច) ប្រមាណ ១១៦៤ លានដុល្លារអាមេរិក ដែលជាកញ្ចប់ថវិកាអន្តរាគមន៍មួយមិនធ្លាប់មានពីមុនមក សម្រាប់ប្រទេសកម្ពុជា ក្នុងនោះទឹកប្រាក់ចំនួន ៥៦៤លានដុល្លារអាមេរិក តាមរយៈចំណាយ ទៅលើគម្រោងកម្មវិធីផ្សេងៗ ដើម្បីទប់ទល់នឹងជំងឺផង និងដោះស្រាយផលប៉ះពាល់សង្គមផង ហើយទឹកប្រាក់ប្រមាណ ៦០០លានដុល្លារអាមេរិកទៀត សម្រាប់ជួយដល់វិស័យឯកជន ក្នុងរូបភាពជាឥណទានមានការប្រាក់ទាប និងការធានាឥណទាន។ កញ្ចប់ថវិកាអន្តរាគមន៍នេះ មិនទាន់រាប់បញ្ចូលនូវទំហំទ្រឹកប្រាក់នៃការលើកលែងពន្ធ និងការអនុគ្រោះបន្ធូរបន្ថយពន្ធរបស់រដ្ឋ ដែលបន្តធ្វើជាហូរហែរនៅឡើយ។ លោកបានបញ្ជាក់ថា កញ្ចប់ថវិកាអន្តរាគមន៍នេះ បានមកពី ការខិតខំទប់កុំឱ្យការប្រមូលចំណូលគ្រប់ប្រភេទធ្លាក់ចុះខ្លាំង ធៀបទៅនឹងច្បាប់ថវិកាដែលគ្រោងដើមឆ្នាំ ទាំងចំណូលសារពើពន្ធ និងទាំងចំណូលមិនមែនសារពើពន្ឋ។
ធ្វើការវិភាជថវិកាឡើងវិញ តាមរយៈការធ្វើវិចារណកម្មចំណាយថវិកាចំនួន ២លើក ដើម្បីកាត់មុខសញ្ញាចំណាយណា ដែលមិនសូវចាំបាច់ និងលែងចាំបាច់ ដើម្បីយកទៅបម្រើឱ្យមុខសញ្ញាចំណាយដែលចាំបាច់ និងបន្ថែមថវិកាលើមុខសញ្ញាចំណាយដែលចាំបាច់ទាំងនោះបន្ថែមទៀត ។ ដូចនេះ ការធ្វើវិចារណកម្មចំណាយខាងលើនេះ មិនមែនជាការកាត់ចំណាយទេ ប៉ុន្តែជាការបន្ថែមថវិកាឱ្យមុខសញ្ញាចំណាយដែលចាំបាច់ទៅវិញ។ និង ការ ប្រើប្រាស់ថវិកាសន្សំរបស់រាជរដ្ឋាភិបាល ដែលជាលទ្ធផលបានមកពីកិច្ចខិតខំប្រឹងប្រែងក្នុងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងពេលកន្លងមក ពិសេសនៅក្នុងរយៈពេល ៦ឆ្នាំចុងក្រោយនេះ ៕