សង្វៀន​បញ្ជល់មាន់​ដ៏​ល្បី​នៅ​តំបន់​សេះស ​ក្នុង​ខណ្ឌមានជ័យ​ បើក​ដំណើរ​ធម្មតា​វិញ​ហើយ

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​មាន​ធ្លាប់​ចុះ​បង្ក្រាប​ជា​ច្រើន​លើក​ច្រើន​សារ​ពី​សំណាក់​អាជ្ញាធរ និង​កម្លាំង​នគរបាល​ខណ្ឌមានជ័យ យ៉ាងណា​ក៏​ដោយ​ក៏​ទីតាំង​សង្វៀន​បញ្ជល់មាន់​ដ៏​ធំ និង​មាន​ឥទ្ធិពល​មួយ​កន្លែង នៅ​តែ​អាច​បើក​ដំណើរការ​អោយ​មនុស្ស​ម្នា ពិសេស​ក្រុម​អ្នក​ញៀន​ល្បែង​បញ្ច​ល់​មាន់ នាំ​គ្នា​ជិះ​ម៉ូតូ ឬ​រថយន្ត​ចូល​ទៅ​លេង​យ៉ាងច្រើន​កុះករ ដូច​ផ្សារ​ត្រី ។

សង្វៀន​បញ្ជល់មាន់​ដ៏​ធំ​នោះ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ដី​ឡូ​តិ៍​ទុក​ចោល​មួយ​កន្លែង ខាងក្រោយ​រោងចក្រ​ផលិត​ស៊ីម៉ង់​ដ៏​ធំ​មួយ តាម​បណ្តោយ​ផ្លូវ​សេះស ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ពី​ពលរដ្ឋ​នៅ​តំបន់​នោះ​អោយ​ដឹង​ថា ទីតាំង​ខាងលើ​បើក​លេង​ជា​រៀងរាល់ថ្ងៃ ហើយ​ភាគច្រើន​រាល់​ការ​ដំណើរការ​បញ្ជល់មាន់ គឺ​ចាប់ពី​វេលា​ម៉ោង​១​រសៀល រហូត​ដល់​ព្រលប់​ពេល​យប់ ដោយ​មាន​មនុស្ស​ជិះឡាន និង​ម៉ូតូ​ចេញចូល​ជា​បន្តបន្ទាប់​រហូត ។

ទន្ទឹម​នឹង​នោះ សង្វៀន​ដ៏​ធំ​មួយ​នេះ​មិនមែន​មាន​តែ​ការ​បញ្ជល់មាន់​នោះ​ទេ ក៏​មាន​ល្បែង​បៀ និង​អាប៉ោង​ផង​ដែរ ។

តាម​ប្រភព​អោយ​ដឹង​ថា ម្ចាស់​សង្វៀន​បញ្ជល់មាន់​ដ៏​មាន​ឥទ្ធិពល​ខាងលើ​នេះ មាន​ម្ចាស់​ទីតាំង​ឈ្មោះ « ម៉ា​ប់ » ដោយ​គេ​មិនដឹង​ថា ឈ្មោះ « ម៉ា​ប់ » រូប​នោះ​មាន​តួនាទី​អ្វី និង​ឥទ្ធិពល​ខ្លាំង​ប៉ុណ្ណា​នោះ​ទេ បានជា​ទីតាំង​សង្វៀន​របស់​ខ្លួន​អាច​បើក​ដំណើរការ​បាន​ធម្មតា​វិញ​រហូត បន្ទាប់​ពី​មានការ​បង្ក្រាប​រួច​ពី​សំណាក់​កម្លាំង​អាជ្ញាធរ មាន​សមត្ថកិច្ច ។

គួរ​រំលឹក​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២០ កន្លង​ទៅ កម្លាំង​នគរបាល​ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក​ម៉េ​ង វិមាន​តារា អធិការ​នគរបាល​ខណ្ឌ បាន​បើក​ការ​ចុះ​បង្ក្រាប​ទីតាំង​សង្វៀន​បញ្ច​ល់​មាន់​ដ៏​ធំ​មួយ ( ដែល​មាន​ទីតាំង​ក្បែរ​នឹង​ទីតាំង​សង្វៀន​បច្ចុប្បន្ន ) ដោយ​ឃាត់ខ្លួន​មនុស្ស​ជាង​៥០​នាក់ ប៉ុន្តែ​ក្នុង​នេាះ​មនុស្ស​ជា​ច្រើន​នាក់​ត្រូវ​អប់រំ​ដេាះ​លែង ដោយឡែក​មនុស្ស​ចំនួន​២៧​នាក់​ប៉ុ​ណ្ណេាះ​ដែល​ត្រូវ​កសាង​សំណំុ​រឿង​ប​ញ្ចូ​ន​ទៅ​តុលាការ ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ។

ក្រោយ​ការ​បង្ក្រាប​បាន​ជាង​១​ខែ​រួច​មក ទីតាំង​សង្វៀន​ក៏​លិច​ចេញ​រូបរាង​ថ្មី​នៅ​ក្បែរ​ទីតាំង​ចាស់​ដែល​ធ្លាប់​បាន​បង្ក្រាប យ៉ាង​ត្រជាក់​រហឹម​តែ​ម្តង ។ ហើយ​ទីតាំង​នេះ គឺ​ឧស្សាហ៍​បើក​បិទ​ៗ​ជា​ញឹក​ញ៉ាប់​បំផុត នៅ​ពេល​កម្លាំង​ចុះ​បង្ក្រាប​ម្តង​ៗ៕