ក្រសួងមហាផ្ទៃ បានប្រកាសកាលពីថ្ងៃទី១០ កក្កដា ២០២០ថា រដ្ឋាភិបាលកម្ពុជា ចាត់ទុកការគ្រប់គ្រងជនបរទេសជាកិច្ចអាទិភាព ។ ដោយពិនិត្យឃើញថា មិនអាចទុកឲ្យបញ្ហាអន្តោប្រវេសន៍ បន្តស្ថិតនៅជាគ្រោះហានិភ័យ ចំពោះសន្តិសុខជាតិ សណ្តាប់ធ្នាប់ និង សុវត្ថិភាពសង្គម ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ច ចាប់ពីឆ្នាំ២០១៤មក ក្រសួងមហាផ្ទៃ បានសុំគោលការណ៍និងទទួលបានការគាំទ្រពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីដោះស្រាយកិច្ចការនេះប្រកបដោយការប្តេជ្ញាចិត្តនិងការទទួលខុសត្រូវចំពោះផលប្រយោជន៍ជាតិ។
បើតាមលទ្ធផលនៃការធ្វើជំរឿនដែលបង្ហាញឡើងដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ កាលពីឆ្នាំ២០១៩កន្លងមកបានឲ្យដឹងថា នៅទូទាំងប្រទេសកម្ពុជា មានជនអន្តោប្រវេសន៍ ៨៩៧៨៦នាក់ (១១ជនជាតិ) ដោយក្នុងនោះ ស្ទើរតែទាំងអស់ ជាជនជាតិវៀតណាម គឺមានដល់ទៅ៨៩៤៧១នាក់ ។
ចំណែក ៣១៥នាក់ទៀត ជាជនជាតិថៃ ឡាវ ចិន ភូមា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ណេប៉ាល់ បង់ក្លាដេស តង់ហ្សានី និង អាល្លឺម៉ង់៕