ខេត្តបន្ទាយមានជ័យ ៖ កម្លាំងផែ្នកព្រហ្មទណ្ឌនគរបាលក្រុងប៉ោយប៉ែត បានសហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ បានស្រាវជ្រាវឈានដល់បង្ក្រាបទីតាំងស្តុកគ្រឿងក្នុងជ្រូក ជិត១តោន មានផ្ទុកសាធាតុគីមី ក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនម្ចាស់ស្តង់ម្នាក់ កាលពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចបានឲ្យដឹងនៅព្រឹកថ្ងៃទី១៣ កក្កដា នេះថា ម្ចាស់ស្តង់មានឈ្មោះ អ៊ុល ក្លឹង អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ មានស្រុកកំណើតរស់នៅភូមិភ្នំសំពៅ ឃុំភ្នុំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង សព្វថ្ងៃមករស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
សមត្ថកិច្ចបានឆែកឆេរកឃើញគ្រឿងក្នុងជ្រូក រួមមាន ៖ អណ្តាត ត្រចៀក ពោះ បេះដូង ក្រចកជើង សរុបមានចំនួន ២០កេះ ស្មើរ១តោន សុទ្ធសឹងជារបស់មានជាតិគីមីទាំងអស់ ។
សម្ភារនិងវត្ថុតាងខាងលើ ក្រោយពីធ្វើកំណត់ហេតុរួច ខាងការិយាល័យជំនាញដឹកយកទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។ អាចស្នើសុំទៅតំណាងអយ្យការ ដុត ឬកប់កំទេចចោល នូវគ្រឿងក្នុងជ្រូកមានសារធាតុគីមី ហើយជនសង្ស័យនឹងធ្វើកំណត់ហេតុស្តាប់ចម្លើយ បញ្ជូនទៅសាលាដំបូង ៕