ចុម ! មេការសំណង់សោះមានកាំភ្លើង ប៉ងបាញ់មនុស្ស

មេការ សំណង់​បុរី ខេ​អិន ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​ឈ្នះ ឈ្នះ ភូមិ​ស្រែ​តេជៈ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​រង​ការ​ចោទ​ថា បាន​ដក​កាំភ្លើង​បាញ់​ដី​ចំនួន​២​គ្រាប់ គំរាម​បាញ់​សម្លាប់​កម្មករ​សំណង់​២​នាក់ បណ្តាល​ឲ្យ​រង​របួស​ជើង ។​

​ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោងជាង​៣​រសៀល​ថ្ងៃ​ទី​១១ កក្កដា ២០២០ ។​

​ប្រភព​បាន​ស្រង់​សម្តី​ជន​រង​គ្រោះ​បន្ត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​២​នាក់ បាន​ទៅ​សុំ​បើក​លុយ​ចុង​ស​ប្តា​ហ៍​ពី​មេការ​សំណង់​ឈ្មោះ អុ​ឹ​ង ឆេ​ង​វ៉េ​ង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ចំនួន​៥០០​ដុល្លារ តែ​មេការ​នោះ​បាន​ឲ្យ​តែ​១៥០​ដុល្លារ ទើប​ជន​រង​គ្រោះ​តវ៉ា ព្រោះ​មិន​អាច​យក​លុយ​១៥០​ដុល្លារ​នោះ​ទៅ​ចែក​ឲ្យ​កម្មករ​ផ្សេង​ៗ​ទៀត​គ្រប់​នោះ​ទេ កកើត​ជម្លោះ​ពាក្យ​សម្តី រហូត​ដល់​ជន​ដៃដល់​ខឹង​ក្រោធ ទាញ​ដក​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក បាញ់​ភ្ជុ​ច​ផ្លូវ​បេតុង​២​គ្រាប់ បណ្តាល​ឲ្យ​ផ្លា​ត​ខ្ទាត​បំណែក​ត្រូវ​ចំ​ជើង​ហូរ​ឈាម​ជន​រង​គ្រោះ​ឈ្មោះ​ប៊ុ​ន ច័ន្ទ​តុលា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ កម្មករ​សំណង់​បុរី​ខាងលើ ផ្នែក​ខាង​ប្រព័ន្ធ​លូ មាន​ទីលំនៅ​ភូមិ​ប្រាសាទ សង្កាត់​ស្នោរ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​  ។ ក្រោយ​ធ្វើ​សកម្មភាព​ជន​ដៃដល់​បាន​ទាញ​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​ស្រមោល ។​

​ក្រោយ​កើតហេតុ​ភ្លាម​ៗ កម្លាំង​នគរបាល​ប៉ុស្តិ៍ កម្លាំង​ជំនាញ​ខណ្ឌ​ចុះ​ទៅ​សាកសួរ ពិនិត្យ​ស្លាកស្នាម​បន្សល់​ទុក ហើយ​រក​ឃើញ​សំបក​គ្រាប់​១ ដែល​ស្គាល់​ជា​សំបក​គ្រាប់កាំភ្លើង​Glock ។ ចំណែក​សំបក​គ្រាប់​មួយទៀត ត្រូវ​ជន​រង​គ្រោះ​អះអាង​ថា ជនសង្ស័យ​រើស​យក​ដាក់​ហោ​ប៉ាវ​មុន​គេចខ្លួន ។​

​បន្ទាប់​មក សមត្ថកិច្ច​នាំ​ជន​រង​គ្រោះ​ទៅ​សាកសួរ និង​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍ ដើម្បី​បន្ត​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជន​ដៃដល់​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕