បុរសម្នាក់បានត្រូវសមត្ថកិច្ចឃាត់ខ្លួនវ៉ៃខ្នោះ ក្រោយធ្វើសកម្មភាពបាញ់បោះអាណាធិបតេយ្យ កាលពីយប់ថ្ងៃទី១២ កក្កដា ២០២០ ។
ជនដែលរមាស់ដៃបាញ់មេឃ៣គ្រាប់នោះ ឈ្មោះ សោម ពិសិដ្ឋ អាយុ៣៦ឆ្នាំ ត្រូវសមត្ថកិច្ចអះអាងថាជាមន្ត្រីយោធាមានឋានន្តរស័ក្តិវរៈសេនីយ៍ត្រី (ស័ក្តិ៤) នៃកងឯកភាពទីចាត់ការឃោសនាព័ត៌មានអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ មានអត្តលេខ 016829 ប្រើប្រាស់អាវុធខ្លីម៉ាក K59 លេខ7261។
បើតាមសមត្ថកិច្ច មុនពេលកើតហេតុ ជនសង្ស័យនិងមិត្តភ័ក្តិ បានផឹកស៊ីនៅបន្ទប់ជួលលេខC05 ស្ថិយក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លុះកំពុងតែផឹកៗ ជនសង្ស័យនិយាយថាពិបាកចិត្តណាស់ តែមិនដឹងពិបាកចិត្តរឿងអ្វីនោះទេ ស្រាប់តែដកកាំភ្លើងបាញ់ឡើងលើចំនួន៣គ្រាប់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាងនិងក្នុងមូលដ្ឋានតែម្តង ។
ក្រោយផ្ទុះអាវុធ ភ្លាមៗសមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងហេតុនិងបានឃាត់ខ្លួនវ៉ៃខ្នោះបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ ដើម្បីសួរនាំនិងចាត់ការតាមនីតិវិធីច្បាប់ ៕