រាជធានីភ្នំពេញ ៖ បុរសជនជាតិនីហ្សេរីយ៉ា ២នាក់ និងស្ត្រីម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ចាប់ឃាត់ខ្លួនក្នុងករណីពាក់ព័ន្ធសង្ស័យឆបោកប្រាក់តាមបណ្តាញសង្គមហ្វេសបុក កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៩និង០០នាទី ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ០៣នាក់ ត្រូវបានឃាត់ខ្លួនរួមមាន ទី១ ឈ្មោះ NDEKWE ANTHONY CHUKWUEBUKA ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិនីហ្សេរីយ៉ា មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលលេខ០៩ ផ្លូវលេខ០៩ បុរីលឹមឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ ។
ទី២ ឈ្មោះ AMAOGANAYA MICHAEL CHUKWUDI ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលលេខ១៦ ផ្លូវលេខ០៩ បុរីលឹមឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ ។
និងទី៣/ឈ្មោះ មិត្ត ស្រីនី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលលេខ១៦ ផ្លូវលេខ០៩ បុរីលឹមឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ ។
វត្ថុតាងចាប់យកមាន ៖ កុំព្យូទ័រចំនួន០៣គ្រឿង, ស៊ីមកាត (ប្រើរួច) មួយចំនួន ,ទូរស័ព្ទដៃចំនួន០៤គ្រឿង ,លិខិតឆ្លងដែនចំនួន០៤ក្បាល ,ឆ្នាំងសាកកុំព្យូទ័រចំនួន០៣, ម៉ូតូចំនួន០៣គ្រឿង ។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានផ្តល់បទសម្ភាសន៍ថា ជនរងគ្រោះបានស្កាល់គ្នា និងជនសង្ស័យជនជាតិនីហ្សេរីយ៉ា តាមរយៈហ្វេសបុក ។ ក្រោយពីស្គាល់គ្នាហើយ ជនសង្ស័យ បោកថា ខ្លួនជាពេទ្យទាហានអាមេរិក នៅប្រទេសដាណាម៉ាក ។
លោកអធិការនគរបាលខណ្ឌដង្កោ បន្តអោយដឹងថា កាលពីវេលាម៉ោង០៩និង៤៥នាទី ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ មានគណនីហ្វេសប៊ុក ឈ្មោះ Favour Grace Williams ដែលដាក់ រូបមនុស្សស្រី នៅលើ Profile បានផ្ញើសារចូលមកគណនីហ្វេសប៊ុក របស់ជនរងគ្រោះ ឈ្មោះ គុយ សាវឿន ភេទប្រុស អាយុ៤៦ឆ្នាំ ដែលមានហ្វេសប៊ុក ឈ្មោះ Kuy Savoeurn សុំធ្វើការទំនាក់ទំនងជាមួយជនរងគ្រោះ រួចជនរងគ្រោះ ក៏បានផ្ញើសារតបទៅវិញ ព្រោះគិតថា គ្រាន់តែសុំរាប់អានគ្នា ។
បន្ទាប់មកឈ្មោះ Favour Grace Williams បានផ្ញើសារអំពីព័ត៌មានផ្ទាល់ខ្លួនរបស់គេ ប្រាប់ជនរងគ្រោះ ថែមទាំងបានផ្ញើលិខិតឆ្លងដែន មានឈ្មោះ HELEN GRACE WILLIAMS ជាជនជាតិអាមេរិក ធ្វើការជាគិលានុបដ្ឋាយិការយោធា បម្រើការងារនៅជំរុំយោធា ក្នុងក្រុងដាម៉ាស ប្រទេសស៊ីរី ហើយគណនីហ្វេសប៊ុកខាងលើ បានផ្ញើសារមកជនរងគ្រោះថា រូបគេចង់ពិភាក្សាអ្វីមួយ ដែលសំខាន់ជាមួយជនរងគ្រោះ គឺថារូបគេ រើសបានប្រអប់មួយនៅក្រោមដើមឈើ ដែលនៅក្នុងប្រអប់នោះ មានទឹកប្រាក់យ៉ាងច្រើនទៅដល់ ៣.៥ លាន ដុល្លារអាមេរិក ហើយរូបគេចង់យកលុយនោះមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ។
ហើយឱ្យជនរងគ្រោះអ្នកទទូលលុយនោះ នៅក្រុមហ៊ុនអាកាសចរណ៍ ប៉ុន្តែឱ្យជនរងគ្រោះផ្ញើអាសយដ្ឋានរបស់ជនរងគ្រោះទៅរូបគេសិន រួចជនរងគ្រោះក៏បានផ្ញើអាសយដ្ឋានទៅឱ្យគេ ហើយគណនីហ្វេសប៊ុកខាងលើ បានផ្ញើកញ្ចប់អីវ៉ាន់ និងវិក្កយបត្រផ្ញើអីវ៉ាន់តាមក្រុមហ៊ុនដឹក ជញ្ជូនមកឱ្យជនរងគ្រោះបានឃើញជាមុនសិន ។
នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ប្រហែល០៨ និង០០នាទីព្រឹក ជនរងគ្រោះកំពុងតែនៅខេត្តកំពត ស្រាប់តែមានបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនអីវ៉ាន់ មិនស្គាល់ឈ្មោះ ភេទប្រុស បានប្រើលេខទូរស័ព្ទ ០៩៣ ២១ ៩៩ ៦១ ទូរស័ព្ទចូលលេខ ០៩៦ ៨៩៨ ៥៥៥៩ របស់ជនរងគ្រោះប្រាប់ថា អីវ៉ាន់របស់បងមកដល់ហើយ សូមបងចាំទទួលអីវ៉ាន់ មួយសន្ទុះបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនខាងលើ ក៏បានប្រើលេខទូរស័ព្ទលេខ ០៩៣ ២១ ៩៩ ៦១ ដដែល ចូលមកលេខទូរស័ព្ទជនរងគ្រោះម្តងទៀត ប្រាប់ថា អីវ៉ាន់ដែលផ្ញើមកនោះ ត្រូវបង់ពន្ធចំនួន ៧៥០ ដុល្លារ អាមេរិក តម្រូវឱ្យជនរងគ្រោះផ្ញើលុយទៅឱ្យរូបគេ រួចជនរងគ្រោះក៏បានផ្ញើលុយចំនួន ៧៥០ ដុល្លារអាមេរិកនោះទៅតាមភ្នាក់ងារវីងនៅខេត្តកំពត។
ក្រោយមកលេខទូរស័ព្ទខាងលើ បាននិយាយហេតុផលផ្សេងៗ ធ្វើឱ្យជនរងគ្រោះផ្ញើលុយឱ្យរូបគេ តាមភ្នាក់ងារវីង នៅក្នុងរាជធានីភ្នំពេញ ជាបន្តបន្ទាប់ អស់លុយសរុបចំនួន ១០៧៥០ ដុល្លារ (មួយម៉ឺនសូន្យពាន់ប្រាំពីររយហាសិបដុល្លារអាមេរិក) ហើយជនរងគ្រោះពុំបានទទួលអីវ៉ាន់អ្វីសោះ ។ លុះដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៩និង០០នាទី លេខទូរស័ព្ទខាងលើ គឺមានមនុស្សស្រីមិនស្គាល់ឈ្មោះ បានទូរស័ព្ទចូលមកលេខរបស់ជនរងគ្រោះ តម្រូវឱ្យជនរងគ្រោះផ្ញើលុយទៅឱ្យរូបគេ ចំនួន១០០០០ ដុល្លារ (មួយម៉ឺនដុល្លារអាមេរិក)ថែមទៀត។
ទើបជនរងគ្រោះបានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌង្កោ ដើម្បីឱ្យសមត្ថកិច្ចឃាត់ខ្លួនក្រុម ជនសង្ស័យខាងលើ យកមកធ្វើការសាកសួរតាមនីតិវីធីច្បាប់ ។
សមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានសហការជាមួយសមត្ថកិច្ចនគរបាល នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដោយមានការសម្របសម្រួលពីលោក សឿង មុនីរ័ត្ន ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ ក៏បានធ្វើឃាត់ខ្លួនជនសង្ស័យនៅកន្លែងវីងជាក់ស្តែងតែម្តង ដែលត្រូវឲ្យជនរងគ្រោះវេរតាមវីងចំនួន១៥០០០ដុល្លាទៀត ។ នាំយកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីសួរនាំបន្ត ។
បច្ចុប្បន្នជនសង្ស័យជនជាតិនីហ្សេរីយ៉ា និងស្ត្រីជនជាតិខ្មែរ កំពុងស្ថិតក្រោមការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោនិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ៕