រាជរដ្ឋាភិបាលខ្មែរ ពិសេសក្រសួងមហាផ្ទៃបាននិងកំពុងតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់តាមទីសាធារណៈ ក្នុងគោលបំណងធានាការគ្រប់គ្រងសណ្ដាប់ធ្នាប់សាធារណៈឱ្យមានរបៀបរៀបរយ សោភ័ណភាព អនាម័យ បរិស្ថានភាពស្ងប់ស្ងាត់ សុវត្ថិភាពសង្គម រក្សាប្រពៃណីជាតិ និងសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ។
នៅក្នុងសេចក្តីព្រាងច្បាប់ដែលអាចនឹងដាក់ឲ្យប្រើប្រាស់នៅដំណាច់ឆ្នាំនេះ ឬ យ៉ាងយូរនៅដើមឆ្នាំ២០២១ខាងមុខ និងដែល«អង្រុត»ទើបទទួលបាន គឺបានចែងថាបណ្ដាសកម្មភាពដែលត្រូវហាមឃាត់ក្នុងទីសាធារណៈ រួមមានការរស់នៅតាមចិញ្ចើមផ្លូវ ការសុំទាន ការប្រវាយប្រតប់ឈ្លោះប្រកែកជេរប្រមាថគ្នា ប្រព្រឹត្តអំពី «អាស» និង «សេពសន្ថវៈ» ការហាល ឬព្យួរសម្លៀកបំពាក់ ការបង្ហូរចោលកាកសំណល់ ការលក់ដូរនៅទីសាធារណៈដោយគ្មានច្បាប់អនុញ្ញាត និងសូម្បីតែ «ការចារឹកអក្សរ ការគូរគំនូរការគូរនិមិត្តសញ្ញា ការបាញ់ថ្នាំ ការបិទផ្សាយព័ត៌មាន ឬការដាក់តាំងរូបភាព ដែលមានខ្លឹមសារប៉ះពាល់ដល់សោភ័ណភាពនៅទីសាធារណៈ»។
ក្រៅពីនេះក៍បានហាមឃាត់ផ្សេងទៀត រួមមានការខាកស្តោះនៅតាមផ្លូវ ឬតាមទីសាធារណៈ ការបន្ទោបង់ក្រៅបង្គន់អនាម័យ ការចោលសំរាម ឬខ្មោចសត្វ ការដឹកជញ្ជូនសំរាមជ្រុះរាយប៉ាយតាមផ្លូវសាធារណៈ ការបូជាសព ឬបញ្ចុះសពនៅទីហាមឃាត់ ការសង់រោងការរោងបុណ្យ ឬរោងពិធីផ្សេងទៀតនៅទីសាធារណៈ ឬតាមដងផ្លូវដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។ ចំណែកការជះទឹកបាញ់ទឹក ស្រោចទឹក ឬប៉ាតម្សៅនៅទីសាធារណៈ ក៏ត្រូវបានហាមឃាត់ដែរ។
នៅក្នុងសេចក្ដីព្រាងច្បាប់ដដែលនេះ ក៏មានចែងផងដែរអំពីការប្រើឧបករណ៍បំពងសំឡេង កងរំពងខ្លាំង រំខានដល់អ្នកដទៃ ដែលរាល់សំឡេងបង្កឱ្យឮខ្លាំង រំខានអ្នកដទៃត្រូវបញ្ឈប់ចាប់ពីម៉ោង ១២ថ្ងៃត្រង់ ដល់ម៉ោង២រសៀល និងចាប់ពីម៉ោង ១០យប់ ដល់ម៉ោង ៥ទៀបភ្លឺ។
អនីតិជនអាយុក្រោម ១៨ឆ្នាំ ទៀតសោត នឹងត្រូវហាមប្រាមពីការសេពគ្រឿងស្រវឹង និងចូលក្លឹបកម្សាន្ត រីឯការលក់ដូរគ្រឿងស្រវឹង ក៏នឹងត្រូវហាមឃាត់ពីម៉ោង ១២កណ្ដាលអធ្រាត្រ ដល់ម៉ោង ៦ព្រឹក។
បើយោងតាមខ្លឹមសារមួយចំនួននៃសេចក្តីព្រាងច្បាប់ខាងលើ អាចនឹងមានការសាទរច្រើនពីប្រជាពលរដ្ឋ ប៉ុន្តែក៍មានចំណុចតូចៗខ្លះ ដែលពលរដ្ឋនិងមជ្ឈដ្ឋានមួយចំនួនតូចយល់ថាអាចជាការរឹតត្បិតសេរីភាព ។
មិនអាចរកការសុំអត្ថាធិប្បាយបានទេពីអ្នកនាំពាក្យក្រសួអមហាផ្ទៃ នៅព្រឹកថ្ងៃទី១៥ កក្កដា ២០២០នេះ ៕