បុរសម្នាក់ទ្រាំនឹងពាក្យដៀមដាមផ្លែផ្ការបស់ប្អូនថ្លៃមិនបាន ក៍ផឹកស្រារួចវាយប្អូនថ្លៃនឹងដំបងជ្រុងបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី១៣ កក្កដា ២០២០ នៅភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុងនិងខេត្តបាត់ដំបង ៊
បើតាមសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ហៀប យាន អាយុ៤៧ឆ្នាំ ធ្លាប់ពន្ឋនាគារ១២ឆ្នាំពីបទសម្លាប់ម្តាយខ្លួនឯង ។ ចំណែកជនរងគ្រោះជាប្អូនថ្លៃឈ្មោះ អ៊ឹង ងួនហាន អាយុ៤១ឆ្នាំ ។ ទាំងពីរនាក់រស់នៅក្នុងភូមិ សង្កាត់កើតហេតុខាងលើ ។
បុរសជាជនសង្ស័យឈ្មោះហៀប យាន បានប្រាប់សមត្ថកិច្ចថា មូលហេតុដែលខ្លួនដាច់ចិត្តវាយសម្លាប់ប្អូនថ្លៃ ដោយសារ ឈ្មោះ អ៊ឹង ងួនហាន ចេះតែនិយាយផ្លែផ្កាញយដងពេក ទើបធ្វើឲ្យបុរសដែលត្រូវជាបងថ្លៃទ្រាំមិនបានក៏សម្រេចចិត្តវាយសម្លាប់តែម្ដង។
ជនសង្ស័យបានប្រាប់បន្តថា កន្លងមកប្អូនថ្លៃរូបនេះ(ជនរងគ្រោះ) ធ្លាប់យកចម្ពាមកៅស៊ូបាញ់ចំក្បាលខ្លួនម្តងរួចមកហើយ ព្រមទាំងបាននិយាយផ្លែផ្កាឲ្យខ្លួនជាច្រើនដងទៀត ព្រោះកន្លងមកខ្លួនធ្លាប់ជាប់គុករយៈពេល១២ឆ្នាំម្តងរួចមកហើយ ពាក់ព័ន្ធនឹងការសម្លាប់ម្តាយរបស់ខ្លួនឯង។
លុះនៅថ្ងៃកើតហេតុ(ក្រោយចេញពីពន្ធនាគារយូរខែ) ដោយសារទ្រាំមិនបាននឹងការប្រមាថមើលងាយពីប្អូនថ្លៃខ្លួន ក៏បានដើរទៅផឹកស្រា រួចមានបំណងទៅវាយប្អូនថ្លៃ ទើបខ្លួនបានយកដំបងជ្រុងប្រវែងជិត១ម៉ែត្រ វាយទៅលើប្អូនថ្លៃ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័មតែម្ដង។
ក្រោយកើតហេតុភ្លាមកម្លាំងជំនាញបានទៅចាប់ជនដៃដល់រូបនេះដល់កន្លែងកើតហេតុនិងបានកសាងសំណុំរឿងដើម្បីបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តចាត់វិធានការតាមច្បាប់ឲ្យជាប់ពន្ធនាគារជាលើកទី២ ៕
ប្រភព Nokorwat