សេចក្តីរាយការណ៍ពីខេត្តមណ្ឌលគិរីបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស៣នាក់ បានស្លាប់ និងរងរបួសធ្ងន់ស្រាលចំនួន១០នាក់ ដោយសារឧប្បទវហេតុគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តសាំយ៉ុងដឹកអ្នកដំណើរ ។
ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាថ្ងៃត្រង់ ថ្ងៃទី១៦ កក្កដា ២០២០ ស្ថិតនៅចំណុចផ្លូវជាតិលេខ៧៨ ចន្លោះគីឡូម៉ែត្រ ៤៨៤+៤៨៥ ស្ថិតនៅភូមិរវ៉ាក់ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
បើតាមសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ជាបឋមឲ្យដឹងថា ឧប្បទវហេតុនេះ បានកើតឡើងដោយការធ្វេសប្រហែសរបស់អ្នកបើកបរបណ្តាលឱ្យក្រឡាប់ខ្លួនឯង ហើយថារថយន្តដែលជួបគ្រោះថ្នាក់នេះ ជាប្រភេទរថន្តយសាំយ៉ុង ដឹកអ្នកដំណើរមកពីស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឆ្ពោះទៅកាន់ខេត្តរតនគីរី លុះមកដល់ចំណុចខាងលើក៏ជួបគ្រោះថ្នាក់នេះតែម្តង ៕