ទីបំផុត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យសមត្ថកិច្ចនាំស្ត្រីដែលប្រើអំពើហិង្សាយកកាំបិតអារមុខនិងដៃក្មេងស្ត្រីម្នាក់អាយុ៥ឆ្នាំឲ្យរងរបួសធ្ងន់ធ្ងរនោះ ដាក់ក្នុងពន្ឋនាគារហើយ បន្ទាប់ពីសាកសួរអស់ពេលជាច្រើនម៉ោងនោះរួចមក ។
ការបញ្ជូនស្ត្រីឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ ទៅឃុំខ្លួនក្នុងពន្ឋនាគាររង់ចាំបើកសវនាការនាពេលខាងមុខនេះ បានធ្វើឡើងបន្ទាប់ពីព្រះរាជអាជ្ញារងអមដាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លើស្ត្រីរូបនេះ ពីបទ «ប្រព្រឹត្តអំពើឃោរឃៅ និងទារុណកម្ម តាមបញ្ញត្តិមាត្រា២១១ នៃក្រមព្រហ្មទណ្ឌ» ដែលអ្នកច្បាប់ថាស្ត្រីរូបនេះអាចជាប់ពន្ឋនាគារពី១០ទៅ១៥ឆ្នាំ។
សូមរំឮកថា កាលពីវេលាម៉ោងជាង៣រសៀល ថ្ងៃទី១៦ កក្កដា ២០២០ នៅក្នុងបុរីភពថ្មីឈូកវ៉ា២ ស្ថិតក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានការភ្ញាក់ផ្អើល បន្ទាប់ពីគេឃើញស្ត្រីដៃដល់ បានយកកាំបិតវះមុខក្មេងស្រីអាយុ៥ឆ្នាំ ដោយសារតែខឹងក្មេងស្ត្រីរងគ្រោះ គប់ដុំថ្មទៅលើកូនប្រុសរបស់ខ្លួនអាយុ២ឆ្នាំ បណ្ដាលឲ្យបែកក្បាល និងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យផងដែរ ។
ក្រុមអ្នកតាមដានសង្គម និងមជ្ឈដ្ឋានខ្លះ ក្រោយពីមើលវីដេអូដែលសមត្ថកិច្ចសាកសួរនិងឮស្ត្រីដៃដល់នោះនិយាយសារភាព គឺហាក់ដូចជាស្ត្រីដៃដល់មានបញ្ហាអ្វីមួយ ឬ កើតរោគចិត្ត ព្រោះស្ត្រីធម្មតា កុំថាឡើងដល់ទៅយកកាំបិទអារក គ្រាន់តែឃើញឈាមគឺតក់ស្លុត ភ័យញ័របាត់ទៅហើយ ។
យ៉ាងណា គេមិនដឹងថា ស្ត្រីនោះមានបញ្ហាផ្លូវចិត្តឬយ៉ាងណានោះទេ តែក្រុមអ្នកតាមដានលើកឡើងដែរថា បើស្ត្រីនោះមានបញ្ហាផ្លូវចិត្ត គឺអាចមានសំបុត្រពេទ្យបញ្ជាក់ តែស្ត្រីនោះមិនមាន ហើយអ្វីដែលគេឆ្ងល់ទៀត គឺស្ត្រីដៃដល់មិនបង្ហាញប្តីរបស់ខ្លួន ហើយក៍មិនឃើញប្តី ឬសាច់ញាតិណាមកចេញមុខអន្តរាគមន៍នោះដែរ ។ យ៉ាងណា ចំណុចខាងលើនេះ វាគ្រាន់តែជាការយល់ឃើញរបស់ក្រុមអ្នកតាមដាននិងមជ្ឈដ្ឋានមួយចំនួនតែប៉ុណ្ណោះ ៕