មន្ត្រីក្រសួងសុខាភិបាលខ្មែរ នៅរសៀលថ្ងៃទី១៨ កក្កដានេះ បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋដែលឃើញនិងស្គាល់ស្ត្រីខ្មែរអាមេរិកម្នាក់ឈ្មោះ រ៉ូស វីរ៉ា ត្រូវរាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗ ដើម្បីនាំស្ត្រីរូបនេះត្រឡប់មកធ្វើចត្តាឡីស័កឡើងវិញ ក្រោយស្ត្រីរូបនេះ បានលួចយករថយន្តជិះរត់គេចខ្លួនពីកន្លែងធ្វើចត្តាឡីស័កកាលពីព្រឹកថ្ងៃទី១៨ កក្កដា ។
បើតាមមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា ស្ត្រីជនជាតិអាមេរិកដើមកំណើតខ្មែរឈ្មោះ រ៉ូស វីរ៉ានេះ គឺជាស្ត្រីដែលបានជិះយន្តហោះធ្វើដំណើរជាមួយមន្ត្រីស្ថានទូតអាមេរិកជាន់ខ្ពស់ពីររូប ដែលត្រូវបានក្រសួងរកឃើញមានជំងឺកូវីដ១៩ កាលពីថ្ងៃទី១៦ ខែកក្កដា កន្លងទៅនេះ។
មកទល់នឹងម៉ោង៥ល្ងាចថ្ងៃសៅរ៍ដដែលនេះ ស្ត្រីដែលកំពុងរត់គេចខ្លួន ហើយក៍មិនទាន់ដឹងថាមានផ្ទុក ឬមិនផ្ទុកមេរោកកូវីដ១៩នោះ មិនទាន់ត្រូវបានរកឃើញនិងបញ្ជូនមកធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញនៅឡើយទេ ។
សូមប្រជាពលរដ្ឋខ្មែរទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសបើឃើញស្ត្រីខាងលើសូមរាយការណ៍ជាបន្ទាន់ទៅមន្ត្រីជំនាញក្រសួងសុខាភិបាល ៕