អ្នកមានជីវភាពធូរធាជាង៤០០០គ្រួសារ បានបន្លំធ្វើអ្នកក្រដើម្បីទទួលបានថវិកាពីរាជរដ្ឋាភិបាល ។ នេះបើយោងតាមគណនីឈ្មោះ Vannak Pheng ដែលសរសេរបង្ហោះនៅលើហ្វេសប៊ុកនាព្រឹកថ្ងៃទី១៨ កក្កដា ២០២០ ។
នៅព្រឹកថ្ងៃសៅរ៍ដដែលនេះ«អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយបានទេពីមន្ត្រីជំនាញក្រសួងផែនការ ជាសពិសេសមន្ត្រីដែលពាក់ព័ន្ឋនឹងការធ្វើជំរឿនប្រជាពលរដ្ឋក្រីក្រដើម្បីទទួលបានថវិកាឧបត្ថម្ភពីរាជរដ្ឋាភិបាលអំឡុងពេលវិបត្តិមេរោគកូវីដ១៩ ។
យ៉ាងណាក៍ដោយ បើតាមម្ចាស់គណនីដែលគេស្គាល់ថាជាអ្នកធ្វើអត្ថាធិប្បាយអំពីបញ្ហាសង្គមនិងនយោបាយនៅលើបណ្តាញសង្គមហ្វេសប៊ុកដ៍ល្បីឈ្មោះមួយរូបនេះ មិនបានបញ្ជាក់អំពីថាតើពលរដ្ឋធូរធាជាង៤០០០គ្រួសារដែលបន្លំធ្វើជាអ្នកក្រីក្រទាំងនេះ ស្ថិតនៅក្នុងមូលដ្ឋានភូមិសាស្ត្រណានោះទេ ហើយក៍មិនដឹងថាតើមានមន្ត្រីអាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំរឿនរបស់ក្រសួងផែនការណាខ្លះ ដែលគុបគិត(ឃុបឃិត) ឲ្យមានករណីពុករលួយនេះកើតឡើងនោះដែរ ។
នៅក្នុងឱកាសចុះទៅទស្សនកិច្ចមជ្ឈមណ្ឌលបង្កាត់ពូជត្រី នៅស្រុកពាមរក៍ ខេត្តព្រៃវែង និង សំណេះសំណាលជាមួយកសិករ នាព្រឹកថ្ងៃទី១៤ កក្កដា ២០២០កន្លងទៅនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ប្រាក់ដល់ពលរដ្ឋក្រីក្រប្រមាណ៥២ម៉ឺនគ្រួសារហើយ ដោយគិតជាទឹកប្រាក់ មានប្រមាណ៣២លានដុល្លារ ។
កាលពីពេលថ្មីៗកន្លងមកនេះ លោក ហ៊ុន សែន បានប្រកាសដាក់អោយប្រើជាផ្លូវការនូវ «កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩»។
បើតាមលោក ហ៊ុន សែន ដើម្បីធានាថាប្រជាពលរដ្ឋក្រីក្រដែលកំពុងជួបបញ្ហាលំបាកពិតប្រាកដទទួលបាននូវជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល គឺការងារធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នេះមានសារៈសំខាន់ខ្លាំងណាស់ ហើយថាការងារនេះគឺត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងលើអាជ្ញាធរមូលដ្ឋាន គឺមេភូមិ និងក្រុមប្រឹក្សាឃុំ សង្កាត់ដែលត្រូវតែធ្វើអោយបានច្បាសលាស់និងហ្មត់ចត់បំផុត ។
ដើម្បីធានាឲ្យបាននូវតម្លាភាព និងសុច្ចរិតភាពក្នុងការផ្តល់សេវាសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ លោកនាយករដ្ឋមន្ត្រី ក៍បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសចំពោះអ្នកអនុវត្តផ្ទាល់នៅតាមឃុំសង្កាត់ទាំងអស់គឺត្រូវផ្តោតការយកចិត្តទុកដាក់បំពេញការងារនេះឲ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួនបំផុត គឺត្រូវចៀសវាងដាច់ខាតនូវការឃុំឃិតគ្នាដាក់បញ្ចូលសាច់ញាត្តិបងប្អូនកូនក្មួយខ្លួនឯងដែលមិនមែនជាគ្រួសារក្រីក្រនឹងងាយរងគ្រោះពិតប្រាកដដើម្បីទទួលបាននូវប្រាក់ឧបត្ថម្ភនេះ។
លោក ហ៊ុន សែន ក៍បានប្រកាសដែរថា លោកនឹងចាត់វិធានការក្តៅហើយនឹងមិនមានការលើកលែងឡើយ ប្រសិនបើរកឃើញថានៅក្នុងភូមិ និងឃុំ/សង្កាត់មួយណាមានករណីមិនប្រក្រតីនេះកើតមានឡើង ។
កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២០ នៅវិមានសន្តិភាព លោក ហ៊ុន សែន បានប្រកាសដាក់ចេញនូវ «កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩»ដូចខាងក្រោម៖
ទី១៖ តំបន់ទីប្រជុំជនក្នុងរាជធានីភ្នំពេញ
* «សម្រាប់បណ្ណ [ក្រ-១]» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៥២០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម៤ ម៉ឺនរៀលម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម៥ ឆ្នាំ, ជាជនមានពិការភាព, ជាជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំឡើង និង ជាអ្នកផ្ទុកមេរោគអេដស៍។
* «សម្រាប់បណ្ណ [ក្រ-២]»៖ ក្នុង១គ្រួសារ ទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៣៦ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៨០០០៛ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ឆ្នាំ, ជាជនមានពិការភាព, ជាជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំឡើង និងជាអ្នកផ្ទុកមេរោគអេដស៍។
ទី២៖ តំបន់ទីប្រជុំជនក្រៅពីរាជធានីភ្នំពេញ
* «សម្រាប់បណ្ណ [ក្រ-១]» ៖ ក្នុង១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៤ម៉ឺនរៀល) សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ៤ម៉ឺនរៀល ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍ ។
* «សម្រាប់បណ្ណ [ក្រ-២]» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម២៨ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៨ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំ ឡើង និង អ្នកផ្ទុកមេរោគអេដស៍ ។
ទី៣៖ តំបន់ជនបទ
* «សម្រាប់បណ្ណ [ក្រ-១]» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ៨ ម៉ឺនរៀល បូកបន្ថែម ២៤ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៤ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុង គ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំ ឡើង និង អ្នកផ្ទុកមេរោគអេដស៍ ។
* «សម្រាប់បណ្ណ [ក្រ-២]» ៖ ក្នុង ១រួសារទទួលបានប្រាក់ចំនួន ៨ ម៉ឺនរៀល បូកបន្ថែម ១៦ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម១៦ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុង គ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំ ឡើង និងអ្នកផ្ទុកមេរោគអេដស៍។
បើតាមលោកប្រមុខរាជរដ្ឋាភិបាលដែលកាន់អំណាចជាង៣០ឆ្នាំ គឺរហូតដល់ពេលនេះកម្ពុជាបានបញ្ចេញប្រាក់១២៥លានដុល្លាររួចទៅហើយ ហើយរាជរដ្ឋាភិបាលនឹងត្រៀមបញ្ចេញថវិកាបន្តទៀត បើសិនជាហេតុការណ៍ផលប៉ះពាល់នៃជំងឺកូវីដ១៩ នេះអូសអន្លាយបន្តទៀត ប៉ុន្តែរាជរដ្ឋាភិបាលនឹងបញ្ឈប់សកម្មភាពវិញផងដែរ បើសិនជាស្ថានភាពបានប្រសើរឡើង៕